(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបានល្អ និងមានប្រសិទ្ធភាព។

លោក ងួន រតនៈ បានថ្លែងបែបនេះ ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងដាក់ចេញនៅទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមកប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសដំណើរការដល់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកបានស្កត់ធ្ងន់លើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព សុវត្ថិភាព ពិសេសការបង្ក្រាបឲ្យបានជាដាច់ខាតចំពោះការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់គ្រប់ប្រភេទ ដោយគោរពទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជៀសវាងការរិះគន់ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃកងទ័ព ពិសេសស្ថាប័នអង្គភាព ក៏ដូចជារាជរដ្ឋាភិបាលទាំងមូលផងដែរ ដែលនេះទាមទារឲ្យតំបន់សឹករងទាំងមូល ត្រូវតែពិនិត្យតាមដាននៅកិច្ចការនេះឲ្យបានដិតដល់បំផុត។

លោក ងួន រតនៈ កោតសរសើរដល់បញ្ជាការតំបន់សឹករង ដែលបានខិតខំរៀនសូត្រ បំពេញ ការងារហ្វឹកហ្វឺន ពង្រឹងកងកម្លាំង ព្រមទាំងការអនុវត្តនៅកំណែទម្រង់របស់កងយុទ្ធពលខេមរភូមិន្ទ និងបានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តការងារបន្តក្នុងឆ្នាំ២០២៤ ជូនដល់កងឯកភាពដើម្បីអនុវត្តបន្ត។ លោកបានប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ ជូនដល់អង្គភាព និងបុគ្គលឆ្នើម និងមានស្នាដៃល្អ ក្នុងការអនុវត្តភារកិច្ចឆ្នាំ២០២៣ កន្លងទៅនេះ៕