(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដូចនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងការទន្ទ្រានតំបន់ព្រៃលិចទឹកនៅជុំវិញបឹង ទន្លេសាប និងដោះស្រាយបញ្ហាឱ្យចប់ ប្រកបដោយប្រសិទ្ធភាព និងធានានិរន្តរភាពផងដែរ។

គួរជម្រាបដែរថា កាល់ពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រឹងពង្រឹងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈយកចិត្តទុកដាក់ការពារតំបន់ព្រៃលិចទឹក ទាំងទឹកសាប និងប្រៃ ធ្វើយ៉ាងណាការពារកេរ្តិ៍តំណែល និងធនធានធម្មជាតិឱ្យបានគង់វង្សផងដែរ៕