(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។

ក្នុងនោះដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត សម្តេចធិបតីបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានល្អ តាមរយៈការតុបតែងលម្អ និងរៀបចំកម្មវិធីកម្សាន្តសប្បាយនានាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងតែបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ដឹកជញ្ជូនទៅស្រុកកំណើត ដោយឥតគិតថ្លៃ ដើម្បីសំរួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌផងដែរ៕