(ភ្នំពេញ)៖ បុរសម្នាក់រអិលជើងធ្លាក់ពីលើស្ពានជ្រោយចង្វារ ត្រើយខាងកើត បណ្ដាលឲ្យរងរបួសបាក់ជើងខាងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ក្រោយពីទទួលបានព័ត៌មានខាងលើ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ បានចេញទៅប្រតិបត្តិការសង្គ្រោះបុរសខាងលើបានដោយសុវត្ថិភាព រួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត។ ជនរងគ្រោះ ឈ្មោះ នុត សុភៀច អាយុ៤០ឆ្នាំ រស់នៅភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមជម្រាបថា រថយន្តចេញប្រតិបត្តិការសង្គ្រោះមានចំនួន០៤គ្រឿង៖ រថយន្ត Mazda បញ្ជាការ១គ្រឿង, រថយន្តស្ទូច១គ្រឿង, រថយន្តដឹកសម្ភារ១គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់១គ្រឿង។ កម្លាំងចេញប្រតិបត្តិការ ចំនួន១៧នាក់ (ស្រី៤នាក់)៕