(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំជាថ្មីដល់ប្រតិបត្តិការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ដោយធ្វើយ៉ាងណាមន្ដ្រីនគរបាលដែលជាអ្នកអនុវត្តច្បាប់ ត្រូវកែសម្រួលម៉ោងត្រួតពិនិត្យមួយចំនួន។

ការណែនាំឲ្យមន្ដ្រីធ្វើការកែសម្រួលម៉ោងត្រួតពិនិត្យជាតិស្រវឹងនេះ ដើម្បីកាត់បន្ថយសម្ពាធទៅលើបណ្ដាភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុ ដោយសារវិធានការរឹតបន្ដឹងការត្រួតពិនិត្យគ្រឿងស្រវឹងនៅពេលយប់។ ប៉ុន្ដែសម្ដេចបានណែនាំឲ្យបង្កើនវិធានការអប់រំពាក់ព័ន្ធគ្រោះថ្នាក់បណ្ដាលមកពីគ្រឿងស្រវឹង ទន្ទឹមនឹងការពង្រឹងវិធានការច្បាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី បានឲ្យដឹងយ៉ាងដូច្នេះថា «សម្តេចបានណែនាំឲ្យកែសម្រួលម៉ោងត្រួតពិនិត្យដើម្បីកាត់បន្ថយសម្ពាធ ទៅលើភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុដោយសារវិធានការរឹតបន្តឹងការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់។ សម្ដេចធិបតី ក៏បានណែនាំឲ្យបង្កើនការអប់រំពាក់ព័ន្ធនឹងគ្រោះថ្នាក់បណ្តាលមក ពីគ្រឿងស្រវឹង ទន្ទឹមគ្នានឹងការពង្រឹងវិធានការច្បាប់»។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការ ត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីគ្រឿងស្រវឹងនាពេលកន្លងមក។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មិនភ្លេចណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃ ត្រូវតែបន្តការត្រួតពិនិត្យលើល្បែងស៊ីសង និងផ្សងសំណាងឲ្យមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ ទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាល គឺបម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ៕