(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមដាក់ញត្តិនៅតាមបណ្តាស្ថានទូតនានារបស់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្ថានទូតបណ្តាប្រទេសអាស៊ាន នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ ខណៈដែលអាជ្ញាធរក្រុងភ្នំពេញ ពុំអនុញាតឱ្យគណបក្សនេះធ្វើយុទ្ធនាការអ្វីឡើយនៅទីក្រុងភ្នំពេញ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ កាលពីម្សិលមិញថា ញត្តិនេះនឹងចាប់ផ្តើមដាក់នៅតាមស្ថានទូត នៅម៉ោង១០៖៣០នាទី បន្ទាប់ពីសមាជិកសភារបស់គណបក្សសង្រ្គោះជាតិជួបជុំគ្នានៅទីស្នាក់ការកណ្តាលនៃគណបក្ស។
លោកថា «យើងនឹងបង្ហាញប្រាប់ប្រទេសហត្ថលេខីទាំងអស់ឱ្យបានជ្រាបថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងឃ្លាតចាកពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទាក់ទងនឹងដំណើរការនៃការអនុវត្ត គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា គម្រោងដាក់ញត្តិរបស់គណបក្សសង្រ្គោះជាតិ ស្វែងរកការអន្តរាគមន៍ពីប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងបារីស ដើម្បីជួយដល់មេដឹកនាំរបស់ខ្លួននោះ គឺជារឿងអស់សំណើចបំផុត។ លោកថា ប្រទេសទាំងនោះ មិនមានសមត្ថកិច្ច ក្នុងលូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះទេ។
លោក សុខ ឥសាន បានលើកឡើងថា «វាជារឿងគួរឱ្យអស់សំណើចណាស់ ព្រោះអត់យល់អ្វីទាំងអស់! គេដាក់ក្នុងកិច្ចព្រមព្រៀងនេះ គឺនៅពេលណា ដែលមានការរំលោភដល់អធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដីពីខាងក្រៅមក ដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដី និងឯករាជភាពរបស់កម្ពុជាដែលជារដ្ឋមិនអាចបំបែកបាន»។
ទោះជាយ៉ាងណា កាលពីម្សិលមិញ ក្នុងការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសជាមុនថា អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យមានការហែក្បួន ឬញត្តិរបស់គណបក្សសង្គ្រោះជាតិទៀតឡើយ បើទោះបីមានការស្នើសុំ មានការអំពាវនាវក៏ដោយពីគណបក្សនេះក៏ដោយ។ លោកអភិបាលក្រុងបានលើកឡើងថា ទីក្រុងនេះមិនមែនជារបស់បក្សប្រឆាំងនោះទេ៕