(ភ្នំពេញ)៖​ លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំជាសហប្រធានលើកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រង កិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីជាសមាជិកនៃគណ:កម្មាធិការ និងក្រុមការងារមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករទូរគមនាគមន៍ និងក្រុមហ៊ុនផ្លូវល្បឿនលឿន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យបានលឿនរហ័ស លើការគ្រប់គ្រងប្រតិបត្តិការ ឱ្យបានរលូនតាមរយៈការរត់បណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលលើផ្លូវល្បឿនលឿន និងគម្រោងសាងសង់ទីតាំងមជ្ឈមណ្ឌលគ្រប់គ្រង និងប្រតិបត្តិការ (O&M Center) បន្ថែម ដើម្បីប្រើប្រាស់សម្រាប់ផ្តល់សេវាបន្ថែមឱ្យបានសមស្រប។

ក្នុងនោះអង្គប្រជុំបានពិភាក្សាលើបញ្ហាពាក់ព័ន្ធក្នុងការរត់បណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលលើផ្លូវល្បឿនលឿន ផ្តល់ជាប្រយោជន៍កាន់តែល្អប្រសើរក្នុងការផ្តល់សេវាកម្មឱ្យប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងមានលក្ខណៈស្របតាមច្បាប់៕