(សៀមរាប)៖ ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំជាមួយអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ លោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ក៏បានចុះទស្សនកិច្ចនៅអគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការJICA។
ក្នុងដំណើរទស្សនកិច្ចនៅអគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះដែរ ក៏មានការអមដំណើរដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាទីប្រឹក្សាក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងលោកគ្រូ អ្នកគ្រូពេទ្យចូលរួមអមដំណើរផងដែរ។
គួររម្លឹកថា អគារថ្មីមួយដែលជាជំនួយរបស់ជប៉ុនឈ្មោះថា មណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានរៀបចំពិធីប្រគល់ និងទទួលនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានតម្លៃសរុប ១៩.៨លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដែលបានចាប់ផ្តើមសាងសងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
គម្រោងនៃសំណង់នេះ រួមមាន៖ អគារមួយដែលទំហំ ២៥គុណនឹង៦៨ម៉ែត្រ និងមានបួនជាន់ មានរចនាសម្ព័ន្ធខាង ក្នុងតាមលក្ខណៈស្តង់ដានៃមន្ទីរពេទ្យដែលមានគ្រែសម្រាកពេទ្យ ២២៦គ្រែ និងបន្ទប់វះកាត់ចំនួន ៦បន្ទប់។ ក្រៅពីនេះមានបន្ទប់ផ្តល់សេវាសំខាន់ៗផ្សេងទៀត ព្រមទាំងមានបណ្តាញទំនាក់ទំនង និងមានបំពាក់ជណ្តើរជើងចំនួនពីរនៅសងខាង និងមានបំពាក់ជណ្តើរយន្តចំនួនពីរផងដែរនៅផ្នែកកណ្តាល។ ក្នុងអគារនេះ ក៏មានការបំពាក់ឧបករណ៍សម្រាប់ផ្តល់ការសេវា និងការគាំទ្រដល់ការផ្តល់សេវាគ្រប់គ្រាន់ ទំនើប តាមស្តង់ដានៃមន្ទីរពេទ្យមួយដែលទំណើបផងដែរ។
នេះគឺជាគម្រោងដ៏ធំមួយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើទំនើបកម្មសេវាសុខាភិបាល ដែលផ្តោតជាពិសេសលើសេវាវះកាត់ និងសេវាពាក់ព័ន្ធផ្សេងទៀតមានដូចជា៖ ផ្នែកពិគ្រោះនិងបែងចែកជំងឺ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកប្រពោធនកម្មវះកាត់ ផ្នែកបោកគក់ ផ្នែកស្តេរីលកណ្តាល ព្រមទាំងសេវាគាំទ្រផ្សេងទៀតរួមមាន៖ កន្លែងចុះឈ្មោះ និងប្រព័ន្ធពត៌មានសុខាភិបាល បញ្ជារបង់ប្រាក់ ឱសថស្ថាន និងបន្ទប់កិច្ចការសង្គមជាដើម។
គម្រោងនេះ ពិតជាបានផ្តល់នូវលទ្ធភាពធំធេងបន្ថែមទៀតដល់មន្ទីរពេទ្យនេះក្នុងការពង្រីកសេវា និងបានចូលរួមក្នុងការលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសម្រាប់ពេលចាប់ពីពេលនេះ និងទៅអនាគតផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចខាងលើ អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានបង្ហាញអារម្មណ៍រីករាយនៅពេលឃើញការបម្រើសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានភាពកាន់តែល្អប្រសើរ ដែលអគារថ្មីជាជំនួយបានរួមចំណែកយ៉ាងធំ។
លោករំពឹង អគារថ្មីនេះ នឹងជួយមន្ទីរពេទ្យបង្កើនលទ្ធភាព និងការពង្រីកសេវាសុខភាព តាមរយៈការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធថ្មី និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបនេះ ពិតប្រាកដណាស់សង្ឃឹមថាចំនួនអ្នកជំងឺដែលមកទទួលសេវានឹងមានការកើនឡើងជាលំដាប់៕