(ភ្នំពេញ)៖ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវដល់ពលរដ្ឋដែលពុំទាន់មានបណ្ណសមាជិក ប.ស.ស. ជាពិសេសអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯង (បុគ្គលស្វ័យនិយោជន៍) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មកធ្វើបណ្ណ ប.ស.ស. ឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពពីរាជរដ្ឋាភិបាល ខណៈគិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនសមាជិក ប.ស.ស. សរុបកើនដល់ជាង ២លាននាក់រួចមកហើយ។ ក្នុងនោះសមាជិក ប.ស.ស. ជាស្រ្តីមានចំនួនប្រមាណជា ១លាន ១៥ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃទូទាំងប្រទេស ព្រមទាំងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ។

លោកបន្ថែមថា ការមានបណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដរភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

គួរកត់សំគាល់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្មីៗនេះបានលើកបង្ហាញពីទិសដៅអនុវត្តបន្តរបស់ខ្លួនក្នុងឆ្នាំ២០២៤ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការគាំពារសុខុមាលភាពពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ ក្នុងនោះ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយអំពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការតាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួលចុះបញ្ជីចល័តនៅតាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹងព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។

អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាបេសកកម្មអាទិភាពដ៏សំខាន់ដើម្បីធានាការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គមក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ដើម្បីបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ  អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងចូលរួមអនុវត្តគោលនយោបាយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងនោះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បាននឹងកំពុងអនុវត្តសកម្មភាពតាមរយៈកម្មវិធីអាទិភាពចំនួន៥ រួមមាន៖

ទី១ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម។

ទី២ ការពង្រឹងគុណភាព និងសមត្ថភាពផ្ដល់សេវា។
ទី៣ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់។
ទី៤ ការធានានិរន្តរភាពមូលនិធិសន្តិសុខសង្គម។
និងទី៥ ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន៕