(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្ដែងការគួរសមដោយ លោក  Darkey Ephraim Africa ដែល ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

លោករដ្ឋលេខាធិការ និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាហ្វ្រិកខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ១៩៩៥។ ភាគីទាំងពីរក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការ និងលោកឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីធ្វើជាវេទិកាក្នុងការរិះរកមធ្យោបាយ សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ជាពិសេសក្នុងការលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

លោក ជុំ សុន្ទរី បានសន្យាថា នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះលោក Darkey Ephraim Africa ក្នុងអំឡុងពេលដែលលោកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕