(ស្វាយរៀង)៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា «យើងទំាងអស់គ្នាត្រូវយល់ដឹង និងចងចាំថា វប្បធម៌ពុំមែនជារបស់អ្នកណាតែម្នាក់នោះទេ ប៉ុន្តែវាជារបស់យើងទាំងអស់គ្នា»

ការលើកឡើងបែបនេះនៅក្នុងឱកាសដែលលោកស្រីអញ្ជើញតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តក្នុងទិវាវប្បធម៌ជាតិ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ​ «យុវជនដើម្បីវប្បធម៌» នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងទាំង៣ គ្រឹះស្ថានសិក្សា សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ និងក្មួយៗ  សិស្សានុសិស្សជាច្រើនរូបទៀត។

ជាមួយគ្នានេះលោកស្រីអភិបាលរងខេត្ត បានអំពាវនាវនូវចំណុចសំខាន់ៗចំនួនជុំវិញទិវាវប្បធម៌ជាតិដូចខាងក្រោម៖

១៖ ត្រូវចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបី និងត្រូវធ្វើយ៉ាងណាអនុវត្តឱ្យ ទទួលបានជោគជ័យនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺអភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍។

២៖ បង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ដែលប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងកាលានុវត្តភាពដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

៣៖ ខិតខំស្រាវជ្រាវ បណ្តុះបណ្តាល គ្រប់គ្រង និងលើកទឹកចិត្តដល់ក្រុមសិល្បៈមហាជននៅតាមបណ្តាមូលដ្ឋាន ធ្វើយ៉ាងណាឱ្យពួកគេមានកម្រិតជំនាញច្បាស់លាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនប្រាក់ចំណូល។

៤៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវខិតខំបន្តតម្លើងស្នាដៃថ្មីៗបន្ថែមទៀត និងរៀបចំបើកមហាស្រពសិល្បៈមហាជន ជាពិសេសមហោស្រពសិល្បៈយុវជនប្រចាំឆ្នាំដើម្បីធ្វើឱ្យយុវជនចូលរួមប្រឡងប្រជែង និងស្រឡាញ់សិល្បៈវប្បធម៌ជាតិ។

៥៖ ត្រូវចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិទាំងអស់គ្នា ព្រោះវាជាមរតកវប្បធម៌ដែលបុព្វបុរសយើងបានបន្សល់សម្រាប់យើងទាំងអស់គ្នា។

៦៖ ចូលរួមទប់ស្កាត់ការហូរចូល នៃវប្បធម៌អវិជ្ជមានមកក្នុងសង្គមកម្ពុជាជាពិសេសអ្នកដែលឆាប់ទទួលគឺស្រទាប់យុវវ័យ និងកុមារ។

៧៖ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមលោកអភិបាលខេត្តសូមអំពាវនាវដល់ក្មួយៗទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាធ្វើឱ្យមនុស្សឆ្កួតវង្វេង លែងស្គាល់ខុស ឬត្រូវ វាបំផ្លាញសុខភាព បំផ្លាញគ្រួសារនិងសង្គមជាតិ ជាពិសេសបំផ្លាញអនាគតខ្លួនឯង។

៨៖ ត្រូវរួបរួមគ្នាគោរពច្បាប់ចរាចរណ៍ និងត្រូវពាក់មួកសុវត្ថិភាព ព្រោះបច្ចុប្បន្នការគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ៕