(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល និងមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសន្នីសីទអន្តរជាតិស្តីពី «បរិវត្តកម្មមុខងារសាធារណៈ» ដោយផ្តោតជាពិសេសលើមុខងារសាធារណៈ ក្នុងគោលបំណងប្រមូលផ្តុំនិងផ្សព្វផ្សាយចំណេះដឹង-ចំណេះធ្វើរដ្ឋបាល និងគតិយុត្តរបស់បារាំង ដែលនៅតែជាផាតុផ្សំដ៏សំខាន់ពាក់ព័ន្ធនឹងបរិវត្តកម្មសាធារណៈកម្ពុជានាពេលបច្ចុប្បន្ន។

សន្នីសីទអន្តរជាតិនេះបានធ្វើឡើងក្រោមវត្តមានលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោក Fabrice Etienne ទីប្រឹក្សាទី១នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីលោកបណ្ឌិត Michel Guillot សាស្ត្រចារ្យនីតិសាធារណៈ នៃសាកលវិទ្យាល័យលុយមីញ៉ែលីយ៉ុង ២ នៃប្រទេសបារាំង លោក Laurent MESMANN ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងជាប្រធានគម្រោងកិច្ចសហប្រតិបត្តិការបារាំង រួមទាំងមានវាគ្មិនជាតិ ភ្ញៀវជាតិ អន្តរជាតិ និងមន្ត្រីរាជការ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលជាច្រើនទៀត។

លើកឡើងនាឱកាសនោះលោក យក់ ប៊ុនណា បានឱ្យដឹងថា គោលបំណងសំខាន់ក្នុងការរៀបចំសន្និសីទនេះគឺដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តស្តីពីបរិវត្តកម្មមុខងារសាធារណៈ តាមរយៈទិដ្ឋភាពរដ្ឋបាលសាធារណៈប្រៀបធៀប ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញកម្ពុជា ដែលទទួលបន្ទុការងារពាក់ព័ន្ធនឹងកំណែទម្រង់ ជាពិសេសនៅដើមអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជួយអភិវឌ្ឍសមត្ថភាពក្នុងការបំពេញការងារដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១។

លោក យក់ ប៊ុនណា បន្ថែមថា សន្នីសីទអន្តរជាតិនេះជាវេទិកាមួយដ៏សំខាន់សម្រាប់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្ត្រីថ្នាក់គ្រប់គ្រង ដែលមានតួនាទីជាអ្នករៀបចំគោលនយោបាយ ទាំងកម្ពុជានិងបារាំង ចូលរួមចែករំលែកបទពិសោធន៍ ការវិភាគក៏ដូចជាបញ្ហាប្រឈម និងឱកាស ព្រមទាំងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីគោលបំណងរួមគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជា លើកិច្ចការបរិវត្តកម្មមុខងារសាធារណៈ ជាពិសេសក្រោយជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង នៅវិមានប្រធានាធិបតី (អេលីហ្សេ) នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថ្មីៗនេះ។

លោកនាយកសាលាភូមិន្ទរដ្ឋបាល បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង លើកិច្ចការសាលារដ្ឋបាលនេះ មានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងន័យទូលាយសាវតារបស់សាលារដ្ឋបាលកម្ពុជា ត្រូវបានចាប់ផ្តើមតាមរយៈការបង្កើតសាលាបេសកកម្មកម្ពុជា ឆ្នាំ១៨៨៦ នៅប៉ារីស ប្រទេសបារាំង ដើម្បីបណ្តុះបណ្តាលយុវជនខ្មែរអំពីរដ្ឋបាលសាធារណៈទំនើប និងវប្បធម៌បស្ចឹមប្រទេស។

ក្នុងនាមក្រសួងមុខងារសាធារណៈ ដែលមានបេសកកម្មនិងភារកិច្ចដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងដឹកនាំការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃកម្ពុជា លោក យក់ ប៊ុនណា ក៏បានគូសរំលេចនូវសមិទ្ធផលគន្លឹះគួរជាទីមោទននមួយចំនួន ដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅដើមនីតិកាលទី៧នេះ រួមមាន៖

ទី១៖ ការគាំទ្រផ្នែកនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ទី២៖ ភាពត្រឹមត្រូវក្នុងការកំណត់គោលនយោបាយនិងយុទ្ធសាស្ត្រ ក៏ដូចជាទិសដៅក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសនិងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ដូចជាយុទ្ធសាស្ត្របចញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០២៤-២០២៨) ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២១-២០៣៥)

ទី៣៖ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ តាមរយៈស្មារតីបំពេញការងារនិងការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងការពង្រឹងសមត្ថភាពជំនាញ, ការចូលរួមសហការពីក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធផងដែរ៕