(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកោះកុង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងអាជ្ញាធរដែនដីពាក់ព័ន្ធ ស្តីពីការចូលកាប់រំលំដើមសំរ៉ងយកផ្លែ ក្នុងតំបន់ការពារ និងណែនាំប្រជាពលរដ្ឋដែលចូលព្រៃបេះផ្លែសំរ៉ង សូមកុំសម្ងំលួចកាប់ទន្ទ្រានដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ និងលក់ឱ្យឈ្មួញខិលខួចឱ្យសោះ។

នាឱកាសនោះដែរ លោក ហាក់ ឡេង ក៏ណែនាំដល់ប្រជាពលរដ្ឋដែលប្រមូលអនុផលផ្លែសំរ៉ង ឱ្យយល់ដឹងពីច្បាប់ព្រៃឈើ ច្បាប់ស្តីពីគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ ព្រមទោសទណ្ឌនានានៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាដើម។

លោកអភិបាលរងខេត្ត បានពន្យល់ប្រជាពលរដ្ឋដែលប្រមូលអនុផលផ្លែសំរ៉ង នៅក្នុងតំបន់ការពារ ដោយមិនត្រូវកាប់រំលំដើមសំរ៉ងជាដាច់ខាត និងណែនាំឱ្យចូលរួមដាំដើមសំរ៉ងនៅក្នុងសហគមន៍ ចម្ការ ឬព្រំដីលំនៅដ្ឋានរបស់ខ្លួន ដើម្បីបានប្រមូលផលទៅតាមរដូវកាលនៃផ្លែសំរ៉ង។