(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឱ្យអង្គភាពពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមុខ ដែលអាចកើតឡើងទៅលើជនងាយរងគ្រោះ។ លោករដ្ឋមន្ត្រី បន្ថែមថា កិច្ចអន្តរាគមន៍ជួយជនងាយរងគ្រោះ គឺសំដៅដល់ការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោក ជា សុមេធី បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មូលនិធិជនពិការទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ជនរងគ្រោះ និងជនងាយរងគ្រោះដោយសារ ការសេពគ្រឿងញៀន គ្រឿងស្រវឹង ការប្រព្រឹត្តល្បែងស៊ីសង ជួញដូរមនុស្ស ពេស្យាចារ អំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើកុមារ ជរាភាព និងពិការភាព គឺសុទ្ធតែជាបញ្ហាប្រឈម និងក្តីកង្វល់ដែលក្រសួង និងរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីលើកស្ទួយជីវភាពសុខុមាលភាពរបស់ប្រជាជន។
ដើម្បីឈានទៅសម្រេចក្នុងការដោះស្រាយបញ្ហាខាងលើនេះ លោក ជា សុមេធី បានផ្តល់អនុសាស្រ្ត៩ ចំណុច សម្រាប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តន៍។ អនុសាស្ត្រទាំង៩នោះរួមមាន៖
១៖ ត្រូវសហការសិក្សារៀបចំ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត រួមមាន៖ ចាត់វិធានការសមស្រប ចំពោះក្រសួង ស្ថាប័ន និងនីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ចជ្រើសរើសជនមានពិការភាពចូលបម្រើការងារ និងការផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយថ្លៃអាហារ និងសោហ៊ុយធ្វើដំណើរសម្រាប់ជនមានពិការភាព មកទទួលសេវានៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មរាជធានី-ខេត្ត ឱ្យបានសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង របស់ប្រទេសជាតិ។
២៖ បង្កើនគុណភាព និងធ្វើទំនើបកម្មឧបករណ៍សិប្បនិម្មិត រណប និងឧបករណ៍ទ្រទ្រង់រាងកាយប្រកប
ដោយគុណភាពក្នុងកម្រិតស្តង់ដា ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មនៅក្នុងប្រទេស និងមានមូលដ្ឋានឈានទៅធ្វើការប្រកួតប្រជែងនៅលើទីផ្សារសេរី និងនាំចេញទៅលក់នៅក្រៅប្រទេស។
៣៖ ពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព ប្រកបដោយគុណភាព និងទាន់ ពេលវេលា ព្រមទាំងបង្កើនការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមសហគមន៍បន្ថែមទៀត ដើម្បីឱ្យជនមានពិការភាព មានភាពងាយស្រួលក្នុងការទទួលសេវា។
៤៖ ពិនិត្យ និងរៀបចំកែលម្អទីតាំង ហេដ្ឋារចនាសម្ព័នរូបវន្តរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម រាជធានី-ខេត្ត ឱ្យបានសមស្របទៅតាមការរីកចម្រើនរបស់ប្រទេសជាតិ។
៥៖ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការដៃគូពាក់ព័ន្ធ ដែលជួយគាំទ្រដល់វិស័យស្តារលទ្ធភាពពលកម្មកាយសម្បទា។
៦៖ បង្កើនការសាងសង់ផ្ទះ ជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ឱ្យបានច្រើនជាងឆ្នាំមុនៗ។
៧៖ ពង្រឹងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការដៃគូ ភាគីពាក់ព័ន្ធនានា និងផ្នែកឯកជន ធ្វើការសិក្សា និងលើកគម្រោងវិនិយោគផ្សេងៗ តាមរយៈការធ្វើអាជីវកម្មស្របច្បាប់ ដើម្បីកៀរគររកប្រភពធនធានថវិកា សម្រាប់គាំទ្រដល់វិស័យពិការភាព។
៨៖ ពង្រឹងការគ្រប់គ្រង និងបង្កើនការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ នៅតាមសាខារាជធានី-ខេត្ត ដើម្បីគៀរគររកប្រភពធនធានថវិកាសម្រាប់គាំទ្រដល់គម្រោងផ្សេងៗ ដែលជួយដល់ជនមានពិការភាព និងធានានិរន្តភាពការងារស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។
៩៖ សិក្សាស្រាវជ្រាវ និងវាយតម្លៃជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ដើម្បីជំរុញការអនុវត្ត គម្រោងផ្តល់ទុន ឬប្រាក់កម្ចី ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតមុខរបរសមស្របសម្រាប់ជនមានពិការភាព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់៕