(ភ្នំពេញ)៖ សប្បុរសជនមួយក្រុម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានរួមគ្នាឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ប្រគល់ជូន «មណ្ឌលមែកឈើ» ដែលចិញ្ចឹមកុមារតូចៗជិត ២០០នាក់ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សម្ភារដែលក្រុមសប្បុរសជននាំទៅចែកជូនរួមមាន៖ អង្ករ ចំនួន១តោន មី ត្រីខ នំកញ្ចប់ សម្លៀកបំពាក់ ទឹកដោះគោ ព្រមទាំងបានធ្វើបបរគ្រឿង សម្រាប់ចែកជូនដល់ក្មួយកុមារកំព្រានៃមណ្ឌលមែកឈើហូបផងដែរ។

ការចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនេះ ធ្វើឡើងក្នុងគោលបំណងជួយ ដល់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។

លោកស្រី មុំ សុវណ្ណនី បានថ្លែងថា សប្បុរជនដែលរួមគ្នាចំណាយថវិកាផ្ទាល់ខ្លួននេះ គឺជាក្រុមហាត់ប្រាណដើម្បីសុខភាពជាមួយគ្នា និងដោយមើលឃើញពីការខ្វះខាត និងការអាណិត ស្រឡាញ់ដល់ក្មួយៗ កុមារកំព្រានៃមណ្ឌលមែកឈើ ទើបក្រុមរបស់អ្នកស្រីបបួលគ្នាដើម្បីរៀបចំ ឱ្យមានកម្មវិធីនេះឡើង និងជាការលើកទឹកចិត្តដល់ក្មួយៗ។

លោកស្រីបានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមចូលរួមជួយចែករំលែកទាំងក្តីស្រឡាញ់ ទាំងអំណោយតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយដល់កុមារកំព្រាឥតទីពឹងនៅមណ្ឌលមែកឈេី ដើម្បីឱ្យក្មេងៗ អាចមានឱកាសមានជម្រករស់នៅមានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ បានសិក្សាអប់រំ សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញផងដែរ។

ក្មេងៗដែលរស់នៅ «មណ្ឌលមែកឈើ» មានក្មេងខ្លះនៅតូចត្រូវបំបៅទឹកដោះជាច្រើននាក់ ហើយក្នុងនោះក្មេងដែលគ្រប់អាយុសិក្សា មណ្ឌលបានបញ្ជូនពួកគាត់ឱ្យទៅចូលរៀនដូចក្មេងៗដទៃនៅសាលារដ្ឋ ក្រៅពីនោះនៅមណ្ឌល ផ្ទាល់ក៏មានការបង្រៀនបន្ថែមទៅលើចំណេះដឹងខាងភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។

មកដល់ពេលនេះ មណ្ឌលមែលឈើក៏នៅមានការខ្វះខាតផងដែរទៅលើតម្រូវការចាំបាច់មួយចំនួនដូចជា ការហូបចុកប្រចាំថ្ងៃ សម្ភារសិក្សា សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រួមទាំថ្នាំពេទ្យផងដែរ ដោយសារមណ្ឌលមិនមានជំនួយប្រចាំខែសម្រាប់ផ្គត់ផ្គង់នោះទេ ខណៈដែលការចំណាយក្នុងមួយខែអស់ថវិកាជាច្រើនផងដែរ៕