(ភ្នំពេញ)៖ លោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំរំពឹងថា ការបើកដំណើរការជើងហោះហើរដំបូងរបស់ Cambodia Airways ទៅទីក្រុងកូឡាឡាំពួរ នឹងធ្វើឱ្យទំនាក់ទំនងវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាននៅស្ថានទូតម៉ាឡេស៊ី នាថ្ងៃទី១៥ មីនា ឆ្នាំ២០២៤នេះ លោកឯកអគ្គរាជទូតបានលើកឡើងថា ការបើកដំណើរជើងហោះហើរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ព្រោះនេះបង្ហាញពីសារៈសំខាន់របស់ប្រទេសម៉ាឡេស៊ី ជាគោលដៅទេសចរណ៍ និងគោលដៅអាជីវកម្មសម្រាប់កម្ពុជា។

លោកបន្តថា ស្របពេលដែលប្រទេសម៉ាឡេស៊ី បច្ចុប្បន្នស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្ម កំពូលរបស់កម្ពុជា និងជាអ្នករួមចំណែកយ៉ាងសំខាន់ ក្នុងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា ជើងហោះហើរទាំងនេះ គឺជាឧបករណ៍ភ្ជាប់ដ៏ល្អ ក្នុងការបង្កើននូវទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយគ្នាអស់រយៈពេល ៦៧ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៦៧។

លោកបន្ថែមថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនអាចត្រូវបានពង្រឹងបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយុទ្ធសាស្ត្រផ្សេងៗ ដែលប្រទេសទាំងពីរកំពុងដំណើរការ រួមមានសន្តិសុខ និងការពារជាតិ ទេសចរណ៍ បច្ចេកវិទ្យា ភាពជឿនលឿនតាមឌីជីថល ហិរញ្ញវត្ថុ អាហារហាឡាល និងសន្តិសុខថាមពល។

លោកលើកឡើងទៀតថា «វាក៏នឹងបើកចំហនូវសក្តានុពល សម្រាប់វិស័យជាច្រើន ដែលប្រទេសទាំងពីរជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគ។ ក្នុងដំណើរបំពេញទស្សនកិច្ចការងារថ្មីៗនេះ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី (SEZ)»។

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួន ពីភ្នំពេញទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។

លោក ប៉ាយ គ័រវ័យ តំណាងក្រុមហ៊ុន អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានឱ្យដឹងថា ខេមបូឌា អ៊ែរវ៉េ នឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរ ទៅកាន់ប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមជាមួយការហោះហើរ ៣ជើងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ។ ការហោះហើរដំបូងក៏នឹងមានតម្លៃប្រូម៉ូសិន ដែលបានកំណត់សម្រាប់ជើងហោះហើរតែមួយ៖ PNH-KUL នៅតម្លៃ ១០៥ ដុល្លារ និងការហោះហើរទៅនឹងមកតម្លៃ ១៦៤ ដុល្លារ។

លោកបន្តថា ការជ្រើសរើសបើកជើងហោះហើរ ទៅប្រទេសម៉ាឡេស៊ី ដោយសារមើលឃើញពីកំណើនតម្រូវការជើងហោះហើររវាងកម្ពុជា និងម៉ាឡេស៊ី។

លោកបន្ថែមថា នាពេលខាងមុខ ក្រុមហ៊ុនក៏ពិចារណាក្នុងការ បន្ថែមការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានផ្សេងទៀត ក្នុងប្រទេសម៉ាឡេស៊ីដូចជា Penang ផងដែរ។

គួររំលឹកដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបានលើកឡើង ដោយផ្ទាល់ក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះថា សម្តេចចង់ឃើញចរាចរណ៍ជាញឹកញាប់ រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ជាពិសេសទៅកាន់គោលដៅគួរឱ្យចាប់អារម្មណ៍ ដូចជាខេត្តសៀមរាប និងទីក្រុង Penang ជាដើម។

ស្របពេលដែលក្រុមហ៊ុន Cambodia Airways ចាប់ផ្តើមបើកដំណើរការជើងហោះហើរត្រង់ទៅប្រទេសម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ី នឹងរៀបចំកម្មវិធីសំខាន់មួយទៀត សម្រាប់ខែរ៉ាម៉ាដាន គឺ Bazaar Ramadhan ដែលនឹងត្រូវប្រារព្ធឡើងជាទ្រង់ទ្រាយធំនៅ AEON 1 រាជធានីភ្នំពេញ នាចុងខែមីនានេះ គឺចាប់ពីថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីនេះក៏មានតាំងពិព័រណ៍ ផលិតផលម៉ាឡេស៊ីជាច្រើន ស្តង់លក់សំលៀកបំពាក់ដ៏អស្ចារ្យ សម្រាប់ពិធីបុណ្យរ៉ាយ៉ានាពេលខាងមុខ អាហារឆ្ងាញ់ៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងព័ត៌មានអំពីប្រទេសម៉ាឡេស៊ី ដែលត្រូវចែករំលែក។ អ្វីដែលសំខាន់បំផុតនោះ Bazaar Ramadhan គោលបំណងនាំលើកកម្ពស់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌៕