(ក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនមួយ ដែលបានលើកស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូថា ខ្លួនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវទាំងនេះ។

បើតាមរដ្ឋបាលខេត្តក្រចេះ, ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូទាំងអស់ឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះមានក្រុមហ៊ុនខិលខូចមួយឈ្មោះ Chanthea Angkor Development Co., Ltd បានលើកស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូថា ខ្លួនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ៧៣ ផ្លូវខេត្ត លេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aនេះ។

ជាការពិត កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្ត៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ជាផ្លូវដែលបាននិងកំពុងស្ថាបនាក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (Road Connectivity Improvement Project) ដែលស្ថាបនាដោយក្រុមហ៊ុន៖

*ទី១៖ ក្រុមហ៊ុន Poly Changda Engineering Co., Ltd ជាក្រុមហ៊ុនទទួលបានកិច្ចសន្យាស្ថាបនាជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ៣៧៧ (គិតចាប់ពីភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ទៅដល់ វត្តវិហារសសរ ១០០ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A (គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ទៅដល់ផ្លូវជាតិលេខ៧ ត្រង់ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ) ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៩
*ទី២៖ ក្រុមហ៊ុន NIMMENG - PROCO JOINT VENTURE បានទទួលកិច្ចសន្យាស្ថាបនា និងថែទាំជួសជុលកំណាត់ផ្លូវជាតិលេខ៧៣ (គិតចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ) ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៩។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរឹបអូសយកចេញភ្លាមនូវស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយ ដែលបានដំឡើងនៅទីតាំងដូចជម្រាបជូនខាងលើ ហើយនឹងមានវិធានការផ្លូវច្បាប់បន្ថែមទៀតទៅតាមការចាំបាច់លើក្រុមហ៊ុន Chanthea Angkor Development Co., Ltdដែលបានក្លែងបន្លំព័ត៌មានបោកប្រាស់៕