(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកស្រី ប៉ែន ច័ន្ទចរិយា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ ថ្នាក់ដឹកនាំ និងសមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជាជាច្រើនរូប បានរៀបចំពិធីទទួលដំណើរទស្សនកិច្ចរបស់លោកស្រី Tran Thanh Huyen ព្រឹទ្ធបុរសមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ តំណាងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិស្សិតចំនួន៥៥ រូបផ្សេងទៀត នៅសាលវិមានសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ក្នុងពិធីនេះលោកស្រី ប៉ែន ច័ន្ទចរិយា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ នៃសាកលវិទ្យាល័យ UEF និងបានលើកឡើងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះថា គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលដើរស្របតាមគោលនយោបាយរបស់ក្រសួងធម្មការ និងសាសនា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងជាសក្ខីភាព បង្ហាញពីប្រសិទ្ធភាពនៃការចុះអនុស្សរណយោគយល់ រវាងសាកលវិទ្យាល័យទាំងពីរកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី Tran Thanh Huyen បានកោតសរសើរ និងបង្ហាញអារម្មណ៍រីករាយ ចំពោះការផ្តល់កិត្តិយសរៀបចំពិធីទទួលយ៉ាងឱឡារិកអធិកអធម ក៏ដូចជា បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។

លោកស្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តរក្សានូវទំនាក់ទំនង និងកិច្ចសហការនេះឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សាឱ្យកាន់តែមានវិបុលភាព និងស្តង់ដារអន្តរជាតិស្របតាមការវិវត្តរបស់តំបន់ និងសាកលលោក។

លោកស្រី បានបន្ថែមទៀតថា ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យ សង្ឃឹមយ៉ាងមុតមាំចំពោះការផ្តល់កិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ និងនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការរៀបចំដំណើរទស្សនកិច្ច ទៅទីកាន់ក្រុង ហូ ជីមិញ ហើយផ្តល់ឱកាសដល់សាកលវិទ្យាល័យលោកស្រី ធ្វើជាម្ចាស់ផ្ទះទទួលនូវដំណើរទស្សនកិច្ចនេះក្នុងឱកាសក្រោយ។

បន្ទាប់ពីបានថ្លែងសុន្ទរកថារួមគ្នា ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកបង្ហាញពីភាពជាដៃគូដ៏រឹងមាំ នឹងបានចាក់បង្ហាញនូវស្នាដៃផលិតវីឌីអូរបស់និស្សិតនៃសាកលវិទ្យាល័យទាំងពីរ រួមទាំងបានរីករាយទស្សនាការសម្តែងរបស់និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី ថ្នាក់ដឹកនាំ និងនិស្សិតនៃសាកលវិទ្យាល័យទាំងពីរបានធ្វើទស្សនកិច្ចនៅបណ្ណាល័យតេជោសន្តិភាព និងបន្ទប់សិក្សាកុំព្យូទ័រ រួមទាំងបានថតរូបអនុស្សាវរីយ៍ជុំគ្នាប្រកបដោយស្នាមញញឹម ភាពរីករាយ ការចងចាំល្អៗ ក្នុងបរិយាកាសយ៉ាងស្និតស្នាលជាទីបំផុត៕