(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីសំដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅឱ្យបានប្រសើឡើង ពិសេសការរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨ផងដែរ។
លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្តរួមមាន៖
*ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តឱ្យទទួលបានលទ្ធផលល្អ ជាពិសេសរួមគ្នាអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់។
*ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបានហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។
*ចំណុចមួយទៀត ពេលសិស្សចេញពីរៀន អាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរ នៅតាមសាលារៀនទាំងអស់ ដើម្បីកុំអោយកកស្ទះ ក៏ដូចជាសុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ។
លោកអភិបាលបានបន្តថា សូមយកចិត្តទុកដាកក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋរួមមាន៖ សេវាតម្រូវការ សេវាសំណូមពរ សេវាចាំបាច់ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព។ ជាពិសេសត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីជាប់កិច្ចសន្យា ជនស្វ័យនិយោជ ដើម្បីបញ្ជូនឈ្មោះឱ្យធ្វើបណ្ណ ប.ស.ស និងត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរី សំណង់ផ្ទះល្វែង និងនៅតាមបន្ទប់ជួល ឬផ្ទះជួលឱ្យបានហ្មត់ចត់បំផុត។ ត្រូវរៀបចំសណ្តាប់ធ្នាប់រថយន្តតាក់ស៉ី ដែលឈប់ចតចាប់ម៉ូយរត់ប្រសេចប្រសាច នៅលើចិញ្ចើមផ្លូវជាតិលេខ១ ចំណុចជិតគល់ស្ពានព្រះមុនីវង្ស ទៅដល់វត្តនិរោធ។ សកម្មភាពបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណនៅក្នុងមូលដ្ឋាន។
លោកអភិបាលខណ្ឌ បានកោតសសើរដល់កងកម្លាំងទាំងអស់ របស់គណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ដែលបានសហការគ្នាល្អ ក្នុងការការពារសន្តិសុខសណ្តាប់ សាធារណបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ចាប់ពីពេលនេះតទៅ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ៕