(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជាគួរតែបង្កើតគំរូសេដ្ឋកិច្ចជាតិ ដើម្បីបង្ហាញអំពីធនធានដ៏អំណោយផល ដើម្បីឲ្យអ្នកវិនិយោគស្គាល់កាន់តែច្រើន ឈានដល់ការវិនិយោគផលិត និងកែច្នៃផលិតផលនាំចេញ។
ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍជំនួញរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក PPM Group»។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងថា «កម្ពុជាត្រូវតែបង្ហាញជាគំរូសេដ្ឋកិច្ចជាតិ ដើម្បីបង្ហាញអំពីធនធាន ឲ្យអ្នកវិនិយោគស្គាល់កាន់តែច្រើន ក៏ព្រោះថា បច្ចុប្បន្នយើងពុំមានគំរូនោះឡើយ យើងមានតែការនាំចូល។ ជាក់ស្ដែងដូចសម្លៀកបំពាក់ ទោះបីជាមានការនាំចេញច្រើនក្ដី ប៉ុន្ដែការនាំចូលក៏ច្រើន ដូច្នេះកម្ពុជាត្រូវតែបង្កើតជាគំរូមួយ ដើម្បីបង្ហាញឲ្យគ្រប់គ្នាបានដឹងស្គាល់អំពីកម្ពុជា»។
លោកឧកញ៉ាឱសថបណ្ឌិតបញ្ជាក់ថា ជាក់ស្ដែងដូចសហគ្រាស PPM នៅពេលដែលបង្កើតជាគំរូដំបូង គឺលំបាកជាខ្លាំង ប៉ុន្ដែក្រោយបង្កើតជាគំរូចេញមក ក៏មានសហគ្រាស ក្រុមហ៊ុនដទៃទៀត បង្កើត និងធ្វើតាមជាច្រើនផ្សេងទៀត។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់ថា ការបង្កើតគំរូសេដ្ឋកិច្ចជាតិពិតជាសំខាន់ ក្រោយបង្កើតគំរូ យើងក៏ត្រូវតែបង្ហាញឲ្យឃើញ បច្ចុប្បន្ននេះយើងមានធនធាន ហើយអ្វីដែលត្រូវការបន្ដបន្ទាប់នោះ គឺគំនិត ការរួបរួមគ្នា ដើម្បីផ្ដោតលើទិសដៅរួម ក្នុងការកសាងប្រទេសកម្ពុជា៕
សូមស្តាប់ការពន្យល់របស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖