(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ដើមឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សរុបមានចំនួន៨៤១,៦៨៧តោន (រួមទាំងស្រូវឆ្លងកាត់) ដែលចំណូលសរុបមានចំនួន ២៥៥,៩០៩,៥៩៧ដុល្លារ។

ចំណែកតម្លៃស្រូវសើម ជាមធ្យម៖ ស្រូវ IR504-04 តម្លៃ ១,០៧០រៀលគីឡូក្រាម ស្រូវ OM5451 តម្លៃ ១,០៧០រៀលគីឡូក្រាម។ ដោយឡែក ក្នុងសប្តាហ៍នេះ ផ្លូវនាំចេញទៅលក់នៅប្រទេសវៀតណាមសរុបមានចំនួន ១១៣,៣៧២តោន ចំណូលសរុប ៣២,៩៤០,៦៦៧ដុល្លារ។

លោក អ៊ុក សំណាង បានបន្តថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤) បញ្ចប់ការដាំដុះ អនុវត្តបានលើផ្ទៃដីព្រោះសរុប ១៥៧,១៤១ហិកតា (ស្ទូងគ្មាន)ស្មើនឹង២០៩,៥២% នៃផែនការ ៧៥,០០០ហិកតា ក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា៦៦,១៩១ហិកតា ស្មើនឹង៤២,១២% នៃផ្ទៃដីអនុវត្តបានសរុប ១៥៧,១៤១ហិកតា ធៀបនឹងឆ្នាំមុនខ្ពស់ជាង ៣៧,៧៧២ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលសរុប ១២៥,៤៧៦ហិកតា ស្មើនឹង ៧៩,៨៥% នៃផ្ទៃដីអនុវត្តបានសរុប ១៥៧,១៤១ហិកតា បរិមាណផលសរុប ៦០៧,៦៧៩តោន។ 

លោកបានបន្ថែមថា ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១,៤៩៥ហិកតាស្មើនឹង ១៨៩,៤% នៃផែនការ ៧៩០ហិកតា។ ប្រមូលផលសរុប ៦៩៥ហិកតា បរិមាណផលសរុប ១០,៤៣១តោន ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប៣ ២៦៤ហិកតា ស្មើនឹង៦៣,៩៤% នៃផែនការ ៥,១០៥ហិកតា។ ប្រមូលផលសរុប ១៧៥ហិកតា បរិមាណផលសរុប ១,០៩០តោន។

សូមបញ្ជាក់ថា ខេត្ដព្រៃវែង នៅឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការផលិតដំណាំស្រូវ ហើយលេខ១ បានទៅលើខេត្តបាត់ដំបង៕