(កំពង់ចាម)៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ខ្លូត ផន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័នសត្ថារាម ហៅវត្តស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានលើកឡើងថា ការកសាង ការអភិវឌ្ឍទាំងផ្នែកពុទ្ធិចក្រ និងអណាចក្របានដើរទន្ទឹមគ្នា ស្របពេលដែលប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍដែលទាំងអស់នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងរស់នៅក្នុងសុខសន្តិភាព ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងនោះដែរក៏មានការចូលរួមពីផ្នែកពាក់ព័ន្ធ និងសប្បុរសជននានា ដែលមានវប្បធម៌ចែករំលែកដ៏ល្អ ក្នុងការអភិវឌ្ឍនេះ។

លោក ខ្លូត ផន បានថ្លែងថា ព្រះពុទ្ធសាសនា បានដើរតួនាទីដ៏សំខាន់នៅក្នុងសង្គមខ្មែរ តាំងពីសម័យបុរាណរហូតមកទល់បច្ចុប្បន្ន។ ព្រះពុទ្ធសាសនា បានជួយសង្គមខ្មែរយើងក្នុងការថែរក្សាក្បួនច្បាប់ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រដ៏ផូរផង់របស់យើង ឲ្យរស់រានមានជីវិតរហូតដល់សព្វថ្ងៃ បើទោះបីជាស្ថិតនៅក្រោមការគម្រាមកំហែង ដោយសង្គ្រាម នៃប្រវត្តិសាស្ដ្រយ៉ាងណាក៏ដោយ។

លោកបានបន្ដថា ព្រះពុទ្ធសាសនា បានជួយបណ្តុះបណ្តាលធនធានមនុស្ស និងអប់រំសីលធម៌ ចរិយាធម៌ ទៅដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ មានន័យថា បានជួយផលិតពលរដ្ឋល្អជូនសង្គមជាតិ។ ព្រះពុទ្ធសាសនា បានដើរតួនាទីជាទីពំនឹងខាងផ្នែកផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលចំណុចនេះ ខាងផ្នែកអាណាចក្រ ពុំអាចជំនួសបានឡើយ។

លោកប្រធានក្រុមប្រឹក្សាបានអះអាងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានលើកឡើងជារើយៗផងដែរថា «កង់វិល នៃសាសនាចក្រ និងអាណាចក្រ ត្រូវប្រព្រឹត្តទៅឲ្យស្មើគ្នាជាប្រក្រតី ដើម្បីធានានូវនិរន្តរភាពនៃដំណើរឆ្ពោះទៅមុខ នៃយន្តការអភិវឌ្ឍន៍របស់កម្ពុជាយើង។ គ្មានការអភិវឌ្ឍន៍ណាអាចប្រព្រឹត្តទៅបាន ក្នុងខណៈដែលសង្គមមួយពោរពេញ ទៅដោយអំពើអបាយមុខគ្រប់ប្រភេទ និងអស្ថិរភាព ខាងផ្នែកជំនឿនោះឡើយ»