(ព្រះវិហារ)៖ លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត អមដំណើរដោយលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានចុះប្រកាសសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ លោក ណុប វុទ្ធី បានជម្រាបជូនប្រជាពលរដ្ឋពីការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាម៉ី និងការខិតខំផ្ទាល់ពីសំណាក់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយបានណែនាំដល់មន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ខ្លាំងលើការងារដោះស្រាយវិវាទដីធ្លី និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ ឲ្យបានលឿនឆាប់រហ័ស ដើម្បីផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋចំនួន១៤៣គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលលើផ្ទៃដីប្រមាណ១,០០០ហិកតា ស្ថិតក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខាងលើ ដើម្បីចេញប្លង់កម្មសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ ប្រើប្រាស់អាស្រ័យផល។

លោក ណុប វុទ្ធី បានថ្លែងទៀតថា ដើម្បីឲ្យការវាស់វែងប្រព្រឹត្តទៅដោយរលូន ក្នុងនាមអាជ្ញាធរខេត្ត លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចុះកំណត់ និងដាក់ព្រំឲ្យបានច្បាស់លាស់ ជាពិសេសត្រូវត្រៀមឯកសារពាក់ព័ន្ធទៅនឹងការចុះវាស់វែងដីធ្លី ព្រមទាំងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដែលពួកគាត់មានក្បាលដីស្ថិតនៅក្នុងតំបន់ដែលត្រូវវាស់វែង ឲ្យពួកគាត់អញ្ជើញមកចូលរួមឲ្យបានគ្រប់ៗគ្នា និងត្រៀមធ្វើការសហការជា មួយក្រុមការងារ ដើម្បីងាយស្រួលក្នុងការចុះវាស់វែង។

លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់ ត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលមានព្រំដីជាប់គ្នាដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហា គឺក្រុមការងារមិនអាចវាស់វែងជូនបានឡើយ។ ជាមួយនេះ អ្នកដែលចូលទន្ទ្រានដីរដ្ឋដោយខុសច្បាប់ សូមបញ្ឈប់សកម្មភាពនេះ ហើយវិលត្រឡប់ទៅលំនៅដ្ឋានដើមរបស់ខ្លួនវិញ៕