(ដាវ៉ាវ)៖ ប្រធាននាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសថា ការបំផ្ទុះគ្រាប់បែកនៅផ្សាររាត្រី នៃទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន ដែលជាស្រុកកំណើតរបស់លោក នៅយប់ថ្ងៃសុក្រ ត្រូវបានបង្កឡើងដោយពួកសកម្មយុទ្ធមូស្លីម ដែលបានបណ្តាលឲ្យមនុស្ស១៤ នាក់ស្លាប់ និងរបួស៧០នាក់។
នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។
លោក Duterte បានថ្លែងថា ខណៈពេលដែលលោក បានទៅលេងស្រុកកំណើតរបស់លោក នាចុងសប្តាហ៍នេះ ក៏មានការបំផ្ទុះគ្រាប់បែកកើតឡើង។ លោកក៏បានសន្យាថា៖ «លោកនឹងការពារសន្តិសុខរបស់ប្រទេសនេះឲ្យតឹងរឹងជាងមុន»។
ដោយឡែកសម្រាប់ជនសង្ស័យការបំផ្ទុះគ្រាប់បែក គឺក្រុម Abu Sayyaf ដែលជាក្រុមរដ្ឋអ៉ីស្លាមមួយ ដែលបានប្រឆាំងជាមួយនឹងប្រតិបត្តិការ យោធាសម្រាប់លោកខាងលិច។
សូមជំរាបថា បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនេះបានកើតឡើង លោក Duterte ក៏បានកោះប្រជុំភ្លាមដើម្បីស្វែងរកក្រុមបង្កហេតុ ដែលបានធ្វើឡើងនៅកន្លែងមួយ ស្ថិតនៅចំងាយ១២គីឡូម៉ែត្រពី ទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន៕