(ប៉េកាំង)៖ លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៧ និងសហការី នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ត្រូវបានអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានទូតកម្ពុជា ដែលស្ថិតនៅរដ្ឋធានីប៉េកាំង។

លោកប្រធានសមាគម បានសម្តែងការអបអរសាទរចំពោះលោកស្រី សឿង រដ្ឋចាវី ដែលបានចូលកាន់តំណែង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងអាណត្តិថ្មីនេះ ព្រមទាំងបានរាយការណ៍អំពីសកម្មភាព និងសមិទ្ធិផលការងារដែលបានសម្រេចនាពេលកន្លងមកជូនប្អូនបងនិស្សិត និងសង្គមជាតិ។

លោកស្រីឯកអគ្គរាជទូត បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះសមិទ្ធិផលការងាររបស់សមាគមនាពេលកន្លងមកនេះ និងលើកទឹកចិត្តឲ្យក្មួយៗជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមនិស្សិតបន្តខិតខំធ្វើកិច្ចការនិស្សិតស្របតាមលក្ខន្តិកៈសមាគមដែលមានស្រាប់ ព្រមទាំងណែនាំឲ្យសមាគម បន្តយកចិត្តទុកដាក់ចំពោះការសិក្សា និងសុខភាពរបស់និស្សិតកំពុងសិក្សានៅប្រទេសចិន ដូចបានធ្វើនាពេលកន្លងមក៕