(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវទៅដល់អ្នកដែលចង់ដឹងពីកន្លែងផ្តល់ការងារជូនប្រជាពលរដ្ឋ សូមកុំទៅមើលតែកន្លែងរោងចក្រដែលបិទ ត្រូវមើលរោងចក្រដែលបើកថ្មី និងរោងចក្រដែលកំពុងខ្វះកម្មករផង ហើយបើចង់ដឹងឱ្យកាន់តែច្បាស់ អាចសួរនៅកន្លែងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេច បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំមិនបដិសេធដែលមានផ្សាយនៅលើ Facebook ដែលថា យើងអត់មានរោងចក្រដែលបិទនោះទេ ប៉ុន្តែកុំភ្លេចមើលរោងចក្រដែលបើកផង។ ឧទាហរណ៍ បើយើងទៅយកព័ត៌មានតែពីរឿងរោងចក្រ YW Garmin នៅខណ្ឌដង្កោ ដែលថៅកែគាត់រត់ ហើយកម្មករប៉ុន្មាននាក់ដែលបានបិទការងារ ហើយមើលតែជ្រុងនឹង ថាកម្ពុជាឃើញតែបិទ អត់មានបើក ហើយបើយើងដាក់ការមេរ៉ាមើលតែមួយនឹង យើងឃើញតែមួយនឹង ប៉ុន្តែកុំភ្លេចពេលដែលរោងចក្រនេះបិទ មានរោងចក្រក្បែរៗនោះមួយចំនួនកំពុងតែខ្វះកម្មករ និងមានរោងចក្របើកថ្មីៗផងដែរ»

ជាមួយនឹងរឿងរោចក្រ នៅខណ្ឌដង្កោរដែលបានបិទនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលដែលក្រសួងការងារចុះទៅដោះស្រាយ និងគិតគួរពីអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋនោះ ក៏បានដាក់ផងដែរនូវទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីត្រៀមចាំរកការងារឱ្យប្រជាពលរដ្ឋភ្លាមៗផងដែរ ដូចនេះការកង្វល់នឹងការចិត្តទុកដាក់របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺជាកង្វល់របស់រាជរដ្ឋាភិបាល ដែលយើងបានដាក់ទិសដៅការងារនៃការបង្កើតការងារ និងការជម្រុញសេដ្ឋកិច្ចជាកិច្ចការងារធំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្អូនដែលចង់ដឹងពិតប្រាកដពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ត្រូវស្វែងរកឱ្យបានគ្រប់ជ្រុងជ្រោយសិន មុននឹងធ្វើការផ្សព្វផ្សាយ, «បើយើងចង់មើលកន្លែងមានមនុស្សអ៉ូអរទៅមើលកន្លែងផ្សារ ឫកន្លែងគេជប់លៀង កុំទៅមើលកន្លែងគេសមាធិ វាស្ងាត់ហើយ» បើយើងចង់មើលកន្លែងការងារដែលគេបង្កើត ទៅសួរកន្លែងទីភ្នាក់ងារជាតិមុខរបរ និងការងារ មានបង្កើតការងារប៉ុន្មាន? កុំទៅមើលកន្លែងរោងចក្របិទដែលអត់ការងារ ហើយត្រូវមើលគ្រប់កន្លែងឱ្យដឹងថា មានបិទ មានបើក៕