(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបុព្វសិទ្ធិពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីចុះហត្ថលេខាជាមួយលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Regional Hospital Development Project) ដែលមានទឹកប្រាក់ចំនួន ២១ ១០៤ លានយ៉េនជប៉ុន ឬ ប្រមាណ ១៤១ លានដុល្លារអាមេរិក ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងទឹកជាង១៤០លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នេះ បានរៀបចំឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ គឺជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោមគម្រោងអាទិភាពនានា ហើយក៏ជាគម្រោងលើកដំបូងផងដែរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ជាមួយប្រទេសជប៉ុន (Japanese ODA Yen Loan) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានសេវាព្យាបាលកម្រិតខ្ពស់នៅជនបទ ក្នុងប្រទេសកម្ពុជា និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាសុខាភិបាលរវាងរាជធានី និងខេត្ត ព្រមទាំងលើកកម្ពស់សុខភាពប្រជាជនតាមជនបទ ដែលជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី៣ គឺសុខភាព និងសុខុមាលភាព មាំមួនសម្រាប់ប្រជាជនគ្រប់រូប នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goal 3) ។
មន្ទីរពេទ្យបង្អែកខេត្ត/ក្រុង ចំនួន ៧ រួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ត្រូវបានជ្រើសយកមកពិនិត្យ ដើម្បីសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី ១។
ជាលទ្ធផល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តកំពង់ចាម ត្រូវបានសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់ នៅក្នុងដំណាក់កាលទី១នេះ។
ជារួមគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាម មានវិសាលភាព ដូចជា ៖
• ខេត្តកំពង់ចាម៖ សាងសង់អគារមន្ទីរពេទ្យចំនួន ២ អគារថ្មី ដែលមានកម្ពស់៨ជាន់ និងមានគ្រែសរុប ៦០៨ ។
• ខេត្តសៀមរាប៖ សាងសង់អគារមន្ទីរពេទ្យចំនួន២ អគារថ្មី ដែលមានកម្ពស់៨ជាន់ ចំនួន១ និងកម្ពស់៥ ជាន់ ចំនួន១ និងមានគ្រែសរុប ៦៩៧។
• ការបំពាក់សម្ភារបរិក្ខារពេទ្យ (Medical Equipment) សម្រាប់មន្ទីរពេទ្យទាំងពីរខេត្ត និងបញ្ចូលការងារបែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារឧបករណ៍វេជ្ជសាស្ត្រ (Drug dispensing and medical equipment/supply modules) ទៅក្នុងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ និងការគ្រប់គ្រងអ្នកជំងឺ (Hospital Information and Patient Management System) ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ និងគ្រប់ស្ថាប័នពាក់ព័ន្ធ របស់រដ្ឋាភិបាលជប៉ុន ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ(ODA) ដែលបានឆ្លើយតបចំទិសដៅ ចំពោះកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាព ជាសកល ក៏ដូចជាបានឆ្លើយតបទៅនឹង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១, មុំទី ៣ នៃបញ្ចកោណ ទី ១ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព របស់ប្រជាជនកម្ពុជា, ដែលត្រូវបានដាក់ចេញសម្រាប់អនុវត្ត នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕