(ពោធិ៍សាត់)៖ ចោទប្រកាន់ថា ពលករខ្មែរលួចទូរស័ព្ទ តាមពិតថៅកែថៃមានបំណងមិនល្អ ចង់រំលោភនារីរងគ្រោះ ដែលជាពលករខ្មែរសោះ។
ហេតុការណ៍ឥតគេរខ្មាស់របស់ថៅកែថៃខាងលើនេះ កើតឡើងនៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈពលករខ្មែរ ដែលជានារីរងគ្រោះ២នាក់ បានចាកចេញពីទីតាំងកន្លែងធ្វើការនៅទឹកដីខេត្តត្រាតប្រទេសថៃ មកទឹកដីខ្មែរវិញ តាមច្រកថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ជា ជួន មេបញ្ជាការរងវរៈការពារព្រំដែនលេខ ៨២៥ ប្រចាំទិសថ្មដា បានប្រាក់ភ្នាក់ងារ Fresh News ឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ មានឈ្មោះ ហុង ឆៃគីម អាយុ ២១ឆ្នាំ និងឈ្មោះ ហុង នូនូ អាយុ ១៧ឆ្នាំ ត្រូវបានថៅកែថៃប្តឹងចោទប្រកាន់ ឲ្យទាហានឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនពីបទលួចទូរស័ព្ទ។
លោកមេបញ្ជាការរងបានបន្តថា ពេលទទួលបានព័ត៌មានថា មានពលករខ្មែរ ដែលបម្រើការងារនៅថៃបានលួចយកទូរស័ព្ទពីថៅកែថៃនោះ មេបញ្ជាការវរៈ៨២៥ និងមេប៉ុស្តិ៍រដ្ឋបាលផ្លូវលេខ៥៦ បានទំនាក់ទំនងទៅទាហានឈុតខ្មៅថៃ ដើម្បីសួរនាំបញ្ហារឿងនេះ។
លោកមេបញ្ជាការរងបានបន្តទៀតថា ក្រោយពីហៅថៅកែថៃមកសួរនាំទល់មុខគ្នា ជាមួយពលករខ្មែរ ដែលជានារីរងគ្រោះទាំង២នាក់នោះរួចមក ទើបដឹងថាថៅកែថៃនោះបានទិញទូរស័ព្ទបង់រំលស់ប្រាក់ខែ ៥០០បាត/ខែ ក្នុងតម្លៃ ១៥០០០បាត ពីពលករខ្មែរទាំងពីរនាក់នោះ។ តែដោយសារតែថៅកែថៃនោះ មានបំណងមិនល្អមកលើពួកនាង ពោលគឺធ្លាប់ចាប់ថើប និងមានបំណងរំលោភ ទើបនាងរត់ចេញមកដោយជាប់ជាមួយទូរស័ព្ទតែម្តង។
បច្ចុប្បន្នយើងបានសម្របសម្រួល ទូទាត់ប្រាក់ខែ ដែលពួកនាងមិនទាន់បានបើកជាមួយនឹងថ្លៃជំពាក់នានារួចរាល់ និងបានប្រគល់ទូរស័ព្ទដៃឲ្យថៅកែថៃវិញ ហើយនាំនារីរងគ្រោះទាំង២នាក់ ត្រឡប់មកទឹកដីខ្មែរវិញ តាមច្រកថ្មដារ៕