(ពោធិ៍សាត់)៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការអនុវត្តក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ និងបានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍ របស់អគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអនុគណៈកម្មការទាំង១០ របស់រដ្ឋបាលខេត្ត ត្រូវចុះប្រតិបត្តិការជាបន្ទាន់ ដឹកនាំបញ្ជា នឹង ទទួលខុសត្រូវរួមដោយលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង បង្កា និងទប់ស្កាត់រុករានទន្ទ្រានកាប់ឆ្ការព្រៃឈើរបស់រដ្ឋ ធ្វើឱ្យមានការប៉ះពាល់ ធនធានធម្មជាតិ បង្កឱ្យមានគ្រោះធម្មជាតិផ្សេងៗដូចជា ភាពរាំងស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម ជាពិសេស ខូចខាតហេដ្ឋរចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពានប្រឡាយ មន្ទីរពេទ្យ សាលារៀន ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និង អាយុជីវិតរបស់មនុស្សសត្វ។

ចំណុចគោលដៅដែលត្រូវចុះប្រតិបត្តិការរួមមាន៖
*គោលដៅទី១ ចំណុចខ្នង១៦ ក្នុងភូមិអូរសួរស្តី ឃុំថ្មដា ដឹកនាំនឹងទទួលខុសត្រូវដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត នឹងជាប្រធានអនុគណៈកម្មការទី១

*គោលដៅទី២ ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្កៀង ក្នុងភូមិក្រពើរពីរលើ ឃុំក្រពើពីរ ដឹកនាំ និងទទួលខុសត្រូវដោយលោក សាយ សុជាតិ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី២

*គោលដៅទី៣ ចំណុចអូរ១,អូរ២ ក្នុងភូមិអូរដីខ្មៅ និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ដឹកនាំ និងទទួលខុសត្រូវដោយលោក គិត សុផា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៣

*គោលដៅទី៤ ចំណុចសហគម៍ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ដឹកនាំនិងទទួលខុសត្រូវ ដោយ លោក លឹម សុខតូ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៤

*គោលដៅទី៥ ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ដឹកនាំនិងទទួលខុសត្រូវ ដោយលោក ហៀម យួន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៥

*គោលដៅទី៦ ជើងភ្នំខ្មោច ភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០, ចំណុច ៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ដឹកនាំនិងទទួលខុសត្រូវ ដោយលោក រុន សារី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៦

*គោលដៅទី៧ ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើពីរ ដឹកនាំនិងទទួលខុសត្រូវដោយលោក ងួន ប៉ោសេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៧

*គោលដៅទី៨ ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើពីរ ដឹកនាំនិងទទួលខុសត្រូវ ដោយលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៨

*គោលដៅទី៩ ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវាញ ដឹកនាំនិងទទួលខុស ត្រូវដោយលោក ចេង ឡៃ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៩

*គោលដៅទី១០ ចំណុចអូរទី២ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះមួយ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផឹក ជ្រុំ ភូមិឈើទាលជ្រុំ ភូមិប្រម៉ោយ ដឹកនាំនិងទទួលខុសត្រូវ ដោយលោក ជា ដានី នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានអនុគណៈកម្មការទី១០។

ដោយផ្អែកតាមការចុះអនុវត្តជាក់ស្តែង ពិនិត្យឃើញថា មានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្បែរតំបន់វារីអគ្គិសនី។ ចំពោះការចុះអនុវត្តនេះ ជាក់ស្តែងចាប់បាននូវវត្ថុតាងរបស់ ជនល្មើស ក្នុងនោះកម្លាំងរបស់យើង បានធ្វើការរុះរើ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយសារទីតាំងស្ថិតនៅក្នុង តំបន់ព្រៃជ្រៅ និងលើកំពូលភ្នំខ្ពស់ៗ ដែលមិនអាចយកមករក្សាទុកបាន។

រាល់វត្ថុតាង មួយចំនួនទៀត ត្រូវបានរឹបអូស និងរាយការណ៍ជូនព្រះរាជអាជ្ញា ចេញដីការបង្គាប់ រក្សាទុក ទៅតាមនីតិវិធីច្បាប់ និងធ្វើការដុតបំផ្លាញចោល។ រីឯការកាប់បំផ្លាញព្រៃឈើ ក្បែរតំបន់វារីអគ្គិសនីនេះ បើយើងធ្វើការចុះទប់ស្កាត់មិនបានទាន់ពេលវេលាទេនោះ បណ្តាលឱ្យគ្មានទឹក និងបង្កការហូរច្រោះបាក់ដីចូលក្នុងអាង ។ ហើយការបង្ក្រាបនេះ មិនមែនជាការធ្វើបាបប្រជាជននោះទេ ប៉ុន្តែជាការការពារធនធានធម្មជាតិឱ្យនៅគង់វង្ស និងការពារវារីអគ្គិសនី ដែលបង្កាទៅថ្ងៃមុខប្រឈមនឹងគ្មានទឹក គោករាក់ដែលជាបញ្ហាបណ្តាលឱ្យដំណើរការផលិតថាមពលអគ្គិសនី មិនអាចប្រព្រឹត្តទៅបាន ជាហេតុធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសជាតិទាំងមូល៕