(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសេចក្តីសម្រេចចាត់តាំង សមាសភាពគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ ដែលមានលោកទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធានគណៈកម្មាធិការ។ នេះបើយោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

តាមរយៈសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.) ដែលមានលោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន, រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ជាអនុប្រធាន និងសមាជិកនៃ (គ.ជ.អ.ទ.) នេះ។

គួររំលឹកថាយោងតាមលិខិតលេខ៩៧៤ សជណ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនលោក ថោង ខុន ធ្វើជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.) និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ (គ.អ.ទ.ស.) ដោយត្រូវធ្វើការកែសម្រួលអនុក្រឹត្យ និងរៀបចំសមាសភាព គ.ជ.អ.ទ. និង គ.អ.ទ.ស. ឡើងវិញ ព្រមទាំងធ្វើបច្ចុប្បន្នភាពយន្តការការងារអភិវឌ្ឍន៍វិស័រាយទេសចរណ៍ឲ្យបានសមស្រប ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាលទ្ធផល រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.) ហើយថ្មីៗនេះទើបបានចេញសេចក្តីសម្រេចលេខ៥៣ សសរ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្តីពីការចាត់តាំងសមាសភាព (គ.ជ.អ.ទ.)។

ព្រមជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) ផងដែរ ដែលជាយន្តការដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្ត សៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាព សំដៅបង្កើនភាពប្រកួតប្រជែង និងធានាបាននិរន្តរភាព៕