(ភ្នំពេញ)៖ ថ្លែងនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចបានថ្លែងថា កង្វល់របស់ប្រជាពលរដ្ឋ ក៏ជាកង្វល់របស់រាជរដ្ឋាភិបាល។

ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងបន្ទាប់ពីមានការផ្សាយថា រាជរដ្ឋាភិបាលមិនខ្វល់ពីប្រជាពលរដ្ឋ ជាពិសេសករណីរោងចក្រ Y&W Garment នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានបិទទ្វារ។

សម្តេចធិបតី បានថ្លែងថា ពិតណាស់ប្រទេសរបស់យើង ជាប្រទេសដែលប្រកាន់ទីផ្សារសេរី ក្រុមហ៊ុនត្រូវប្រកួតប្រជែង ហើយមានក្រុមហ៊ុនបើកដំណើរការ និងក្រុមហ៊ុនបើកមិនដំណើរការ។ នៅប្រទេសណាក៏មានដែរ ហើយរដ្ឋយើងមិនអាចធានាថា ជោគជ័យនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះយ៉ាងដូច្នេះថា «អីចឹងខ្ញុំសូមអំពាវនាវ ដល់បងប្អូនដែលចង់ដឹងពិតប្រាកដពីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ស្វែងរកឲ្យគ្រប់ជ្រុងជ្រោយ បើយើងចង់មើលកន្លែងមនុស្សអ៊ូរអរ ទៅមើលនៅផ្សារ កន្លែងជប់លៀង បើចង់មើលកន្លែងស្ងប់ស្ងាត់ ទៅមើលកន្លែងតាំងសមាធិ។ បើយើងចង់មើលកន្លែងការងារ ទៅសួរទីភ្នាក់ងារជាតិ និងមុខរបរ។ អីចឹង អ្វីដែលខ្ញុំជូនដល់ប្រជាពលរដ្ឋនេះ គឺខ្ញុំជូនបងប្អូនប្រជាពលរដ្ឋទាក់ទងនឹងការវិនិយោគ ទាក់ទងនឹងការបង្កើតការងារផ្សេងៗ និងកិច្ចការផ្សេងៗ ជូនប្រជាពលរដ្ឋយើង»

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថៅកែរោងចក្រកាត់ដេរ វ៉ាយ&ដាប់បែលយូហ្គាមេន ឈ្មោះ YUEN PO FAI ភេទប្រុស ជនជាតិចិន បានរត់ចោលរោងចក្រ ដោយមិនទទួលខុសត្រូវបើកប្រាក់ខែមួយខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករសរុបចំនួន ៤ ៨៤៩នាក់ឡើយ។

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិក្នុងរោងចក្រវ៉ាយអេនឌាប់បែលយូ ហ្គាមិន (Y&W garment) ដើម្បីធានាសម្រាប់ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិតនៃក្រុមហ៊ុននេះ៕