(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ៦ខែ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពោលចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគចំនួន ១៧៣គម្រោង ត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបទុនវិនិយោគ ៤១៥០លានដុល្លារ បង្កើតការងារជាង ១៧ម៉ឺនកន្លែង។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងសកម្ម ក្នុងការលើកកម្ពស់បរិយាកាស និងការលើកទឹកចិត្តវិនិយោគ ដើម្បីជំរុញ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កើនការងារ។ ជាក់ស្តែងតាំងសម្តេចផ្ទាល់ និងថ្នាក់ដឹកនាំជាច្រើនទាំងថ្នាក់ជាតិ និងក្រោមជាតិ បានជួបប្រជុំ និងទាក់ទងជាមួយវិស័យជនជាច្រើនទាំងក្នុង និងក្រៅប្រទេស។

សម្តេចបន្តថា តាមតែពីរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានបង្កើតសម្តេចសង្កេតឃើញថា វិនិយោគិនបរទេសភាគច្រើន បានឃើញសក្តានុពលរបស់កម្ពុជា និងមានចំណាប់អារម្មណ៍ ក្នុងការមកដាក់ទុននៅកម្ពុជាផងដែរ។

សម្តេចបានលើកឡើងថា សម្តេចបានឃើញការផ្សព្វផ្សាយមួយចំនួន ហើយខ្លះក៏មានការងឿងឆ្ងល់ ហើយខ្លះក៏មានបញ្ចេញមតិឌឺដង ចំពោះពាក្យដែលសម្តេចតែងតែប្រើ «ដើរទាក់ម៉ូយ»។ សម្តេចបញ្ជាក់ថា ពាក្យដើរទាក់ម៉ូយនេះ គឺផ្តោតលើគោលដៅធំបំផុត ក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្តេចទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនល្អឥតខ្ជោះនោះទេ ការជួបប្រាស្រ័យទាក់ទង នៅក្នុងវិស័យឯកជន មិនអាចបញ្ជាក់ថា គ្រប់ក្រុមហ៊ុនវិនិយោគដែលបានជួប សុទ្ធតែមកដាក់ទុនវិនិយោគនៅកម្ពុជានោះទេ ហើយក៏ទទួលស្គាល់ថា អ្នកដែលមកបណ្តាក់ទុន ក៏មិនអាចធ្វើមួយថ្ងៃ ចេញជារោងចក្រនោះដែរ តែជាការបង្ហាញនូវសក្តានុពលរបស់កម្ពុជា ទៅដល់ក្រុមហ៊ុនទាំងនោះ ដើម្បីឱ្យពួកគាត់បានដឹង ដែលអាចឈានទៅដល់ការបោះទុនវិនិយោគនៅថ្ងៃមុខ។

សម្តេចចាត់ទុកអ្នករិះគន់មួយចំនួន អំពីការស្ថានភាពនៃការវិនិយោគរបស់កម្ពុជា អាចជាការទទួលបានព័ត៌មានមិនចំកន្លែង ដែលនាំឱ្យមានការងឿងឆ្ងល់។

សម្តេចបានលើកឡើងថា «ខ្ញុំសុំបញ្ជាក់ថាបើយើងចង់បានព័ត៌មានពីការវិនិយោគ ត្រូវឆែកពី CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) បើយើងចង់ដឹងព័ត៌មានពីទំហំពាណិជ្ជកម្ម យើងត្រូវឆែកមើលទិន្ន័យពីក្រសួងពាណិជ្ជកម្ម បើយើងចង់ដឹងចំនួនទេសចរមកម្ពុជា ប៉ុន្មានត្រូវឆែកជាមួយក្រសួងទេសចរណ៍ យើងមិនអាចនៅ២ពាន់គីឡូម៉ែត្រ នៅក្រៅប្រទេស នៅអាមេរិក នៅបារាំង គ្រាន់តែមើលព័ត៌មានឃើញមួយ ហើយបង្កើតនូវការសន្និដ្ឋាននោះទេ។ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋមានការកក់ក្តៅ ថាកម្ពុជាយើងក៏ជាគោលដៅទាក់ទាញមួយដែរ មិនមែនអត់មានសោះនោះទេ»។

សម្តេចបានបញ្ជាក់ទៀតថា «ក្នុងរយៈពេល៦ខែ ដែលគិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ យើងគិតតែពីពេលវេលា ដែលរាជរដ្ឋាភិបាលថ្មី បានបង្កើតប៉ុណ្ណោះ តើវឌ្ឍនភាពយ៉ាងណា? ការបង្កើតគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មនៅកម្ពុជា រយៈពេល៦ខែនេះ មានគម្រោង១៧៣គ្រោង បានចុះបញ្ជីវិនិយោគនៅ CDC ពាក្យថាចុះបញ្ជីវិនិយោគនេះមិនមែន គ្រាន់តែគេប្រាប់ថាចង់មកនោះទេ គឺមានឯកសារគ្រប់គ្រាន់ និងមានទីតាំងដីច្បាស់លាស់។ គម្រោងទាំង ១៧៣នេះ មានវិនិយោគ ៤១៥០លានដុល្លារ លទ្ធភាពបង្កើតការងារ១៧៧ ០០០កន្លែង»។

សម្តេចបញ្ជាក់ទៀតថា សម្រាប់គម្រោងវិនិយោគទាំង ១៧៣គម្រោងនេះ មានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត។ ចំណែកប្រភពនៃការវិនិយោគមានមកពីប្រទេសចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង កម្ពុជា វៀតណាម ថៃ ប្រុយណេ ជប៉ុន និងប្រទេសជាច្រើនទៀត។

សូមជម្រាបថា បើគិតរយៈពេល២ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៦៩ គម្រោងក្រោមទុនវិនិយោគសរុបជិត ១.៣ពាន់លានដុល្លារ៕