(ភ្នំពេញ)៖ លោក Morecome Mumba ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី (Zambia) បានប្តេជ្ញាថា លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ការប្ដេជ្ញានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឱ្យលោក Morecome Mumba ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី (Zambia) ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ជាមួយគ្នានេះ លោក Morecome Mumba បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ លោកបានប្តេជ្ញាថា «លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យរ៉ែ និងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត»

ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ ក្នុងឋានៈ លោកជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសំប៊ី (Zambia) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាថ្មីម្ដងទៀត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួន ជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋសំប៊ី (Zambia) ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕