(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រីស្ទបរិស័ទកម្ពុជា បានរៀបចំសន្និបាតពិគ្រោះយោបល់ស្ដីពីអ្នកដឹកនាំគ្រីស្ទបរិស័ទកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ សន្និបាតថ្នាក់ដឹកនាំគ្រីស្ទបរិស័ទនៅកម្ពុជា ធ្វើឡើងដោយមានបាវចនា «ពង្រឹងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទឱ្យស្គាល់ព្រះ ស្គាល់ពួកជំនុំ ស្គាល់ខ្លួនឯង ស្គាល់គ្រួសារ ស្គាល់ដៃគូព័ន្ឋកិច្ចកាន់តែច្បាស់»

អង្គសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាព មន្ត្រីជាន់ខ្ពស់គ្រីស្ទបរិស័ទ លោកបណ្ឌិត សៀ សុភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុង​គោល​បំណងអភិវឌ្ឍភាពជាអ្នកដឹកនាំសំដៅដល់គ្រូគង្វាល អ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលបាននិងកំពុងបម្រើព័ន្ធកិច្ចនៅតាមបណ្ដារាជធានី-ខេត្ត, លើកកម្ពស់ និងឆ្លុះបញ្ចាំងតួនាទីរបស់គ្រូគង្វាល និងគ្រីស្ទបរិស័ទ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការងារទ្រទ្រង់ជួយសហគមន៍ និងសង្គមជាតិទាំងមូល។

លោកបណ្ឌិត សៀ សុភ័ក្រ្ត មន្ត្រីជាន់ខ្ពស់គ្រីស្ទបរិស័ទកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់ និងតួនាទីរបស់គ្រូគង្វាល ដោយត្រូវមានគំនិតគិតដូចជាព្រះគ្រីស្ទ មានភាពជាគំរូល្អ «តម្រង់ទិសឲ្យគេទៅ ធ្វើផ្លូវឱ្យគេដើរ» បម្រើដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយសេចក្តីស្រលាញ់ និងសេចក្តីសប្បុរស។

លោកបណ្ឌិតបានបន្ថែមទៀតថា អ្នកដឹកនាំគ្រូគង្វាលមិនត្រឹមតែបំពេញតួនាទីបង្កើតសិស្សថ្វាយព្រះយេស៊ូវតែប៉ុណ្ណោះនោះទេ គឺសំដៅដល់ព័ន្ធកិច្ចគ្រប់ជ្រុងជ្រោយពីព្រោះគ្រូគង្វាលនៅកៀកកិតនឹងប្រជាពល ដូច្នេះត្រូវមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាន ជួយស្ដារលទ្ធភាព​ រួមនិងបំពេញចន្លោះខ្វះខាតតាមការដែលអាចធ្វើទៅបាន តួយ៉ាងការងារមនុស្សធម៌សប្បុរសធម៌ជាដើម។ល។ គឺរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ផងដែរ។

សូមរំលឹកផងដែរថា សន្និបាតពិគ្រោះយោបល់បានប្រព្រឹត្តទៅនៅស្ថិតនៅការិយាល័យប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា (EFC) ដោយមានអ្នកចូលរួមសរុបចំនួន១២០នាក់ មកពី២៥ខេត្តក្រុង​-រាជធានីនៃប្រទេសកម្ពុជា៕