(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តអំពាវនាវជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបំពេញកាតព្វកិច្ចភាពជាពលរដ្ឋកម្ពុជា។
ការទទូចក្រើនរំឭកបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារប្រចាំស្រុកបារាយណ៍ ដែលមានការចូលរួមពីអាជ្ញាធរជាច្រើននាក់ ព្រមទាំងបានគូសបញ្ជាក់ប្រាប់ឱ្យរដ្ឋអំណាច ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំធ្វើកិច្ចការនេះ ឱ្យបានល្អជាទីបំផុត ព្រោះកិច្ចការនេះជាការងារយុទ្ធសាស្ត្រចម្បង ដើម្បីបម្រើការងារបោះឆ្នោត នាពេលខាងមុខ។
ជាមួយនេះ លោកបានដាស់តឿនឱ្យរដ្ឋអំណាច ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ដល់ការសម្រួលដោះស្រាយសេវាសាធារណៈ ពិសេសការធ្វើលិខិតស្នាម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាផ្លូវ សាលារៀន ប្រឡាយទឹកជាដើម៕
តាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គិតត្រឹមម៉ោង៦៖០០ ល្ងាចថ្ងៃទី០៣ ខែកញ្ញានេះ ចំនួនប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ ៤៥១,៨៥០នាក់ហើយ។
សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ត្រូវបានចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕