(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានណែនាំបន្ថែមដល់កងទ័ពក្រោមឱវាទ ត្រូវចូលរួមអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចេញ ចូលរួមពង្រឹងខឿនការពារជាតិ និងលើកទឹកចិត្តដល់កងទ័ពបន្តកិច្ចខិតខំបំពេញភារកិច្ច សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពខេមរភូមិន្ទ ឱ្យកាន់តែទំនើបរៀបរយ មានប្រសិទ្ធភាព​ និងត្រូវខិតខំចូលរួមការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក​ នៅតែបន្តទៅមុខ និងមិនដកថយឡើយទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។

ការណែនាំបែបនេះរបស់មេបញ្ជាការយោធភូមិភាគទី៥ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខរបស់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ឆ្នាំ២០២៣ និងដាក់ចេញទិសដៅបន្តរឆ្នាំ២០២៤ របស់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីស្តាប់នូវការអានរបាយការណ៍បូក សរុបលទ្ធផលការងារជំនាញប្រចាំឆ្នាំ២០២៣ និងដាក់ចេញទិសដៅអនុវត្តន៍បន្តឆ្នាំ​២០២៤រួចមក​អង្គពិធីបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដោយបានលើកឡើងនូវ​ការងារប្រឈម​ បទពិសោធន៍ នៃការអនុវត្ត​ការងារកន្លងមក ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ សប់ម្រាអនុវត្ត​ ទិសដៅបន្តរការងារក្នុងឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងពីធីប្រជុំបូកសរុបលទ្ធផលការងារយោធា ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ និងដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង ពលទាហាន ត្រូវខិតខំលើការងារកសាង ការងារបង្ករបង្កើនផល ការងារពង្រឹងប្រៀបការពារជាតិ ការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺនការងារអប់រំចិត្តសាស្រ្ត និងការងារបច្ចេកទេស (ការគ្រប់គ្រងអាវុធគ្រាប់ គ្រឿងចក្រ) ដល់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំដើម្បីធានាការពារឱ្យបាននូវបូរណភាពដឹកដី និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ។

ក្នុងឱកាសនោះដែរ​ លោកមេបញ្ជាការ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកាងារគ្រប់កងឯកភាព ដែលបានសហការគ្នាបានល្អ ខិតខំយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយប្រសិទ្ធភាព​តាមបទបញ្ជារបស់ថ្នាក់លើ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានណែនាំដល់កងទ័ពត្រូវបេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ដីពី «ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។

ក្នុងឱកាសនោះ មេបញ្ជាការយោធភូមិភាគទី៥ ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ ជូនបណ្ណសរសើរ លិខិតសរសើរ រង្វាន់ជូនដល់នាយទាហាន ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកាដល់កម្មវិធី ចំនួន២លានរៀលផងដែរ៕