(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី និងសហការីដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតក្នុងជំនួបពិភាក្សាការងារដ៏មានតម្លៃនេះ។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីគោលបំណងនៃកិច្ចជំនួបក្នុងគោលបំណងពិភាក្សា និងពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ និងការពង្រីកការវិនិយោគលើឱសថ និងបរិក្ខារពេទ្យក្នុងប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការផ្តល់អាហារូបករណ៍ចំពោះនិស្សិតក្នុងវិស័យសុខាភិបាល។

ជាកិច្ចឆ្លើយតប លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមស្វាគមន៍ និងបានជម្រាបជូន អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច។

ភាគីទាំងពីរ បានឯកភាពរួមជាគោល លើការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ នាពេលខាងមុខនេះ និងឈានទៅរកការពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចជាក់លាក់បន្ថែមផ្សេងៗទៀតផងដែរ។

ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌូនេស៊ី តាមរយៈលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕