(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

ពិធីបើកកិច្ចប្រជុំ នឹងមានការផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានាផងដែរ។ កិច្ចប្រជុំនេះ នឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨
២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២៥-២០២៧។
៣៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

កិច្ចប្រជុំក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ៕