(ភ្នំពេញ)៖ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលជាស្ថាប័នគ្រប់គ្រងកម្មវិធីជំនួយរបស់កូរ៉េខាងត្បូង ប្រកាសបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ១៩៩១ ក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសនៃសាធារណៈរដ្ឋកូរ៉េ។ ក្នុងនាមជាស្ថាប័នរដ្ឋាភិបាលក្នុងការចាត់ចែងជំនួយរបស់រដ្ឋាភិបាលកូរ៉េ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ KOICA មានគោលដៅសម្របសម្រួលការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសជាដៃគូអភិវឌ្ឍន៍របស់ខ្លួន និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តការរវាងកូរ៉េ និងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក។ KOICA គឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយ ដែលបានចាត់ចែងរាល់ជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គាំទ្រដំណើរការកសាងសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោក Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទី១នៅអាស៊ី ដែលលោកបានអញ្ជើញមកបំពេញទសន្សកិច្ច ក្រោយឡើងកាន់តំណែងជាប្រធាន KOICA កាលពីឆ្នាំ២០២៣។

លោក Chang Won Sam ក៏បានបង្ហាញការកត់សម្គាល់ចំពោះភាពរីកចម្រើននៅកម្ពុជានាពេលបច្ចុប្បន្នធៀបនឹងឆ្នាំ២០០៦ ដែលលោកបានមកដល់កម្ពុជាលើកដំបូង។ លោក Chang Won Sam បានចាត់ទុកការរីកចម្រើនរបស់កម្ពុជា កើតចេញពីការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោក Chang Won Sam បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

លោកប្រធាន KOICA បានជម្រាបសម្តេចធិបតីថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានឈ្វេងយល់យ៉ាងច្បាស់អំពីការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ KOICA បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ (១) ការប្តេជ្ញាបន្តផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា (២) ការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា និង (3) ការប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ តាមរយៈការបន្ស៉ី គ្នារវាងកម្មវិធិអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការសម្រេចគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។

បន្ថែមពីលើនេះ លោកប្រធាន ក៏បានបង្ហាញពីការបន្តជួយគាំទ្រសកម្មភាពបោសសម្អាតមីន និងបានសម្តែងការកោតសរសើរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាពេលខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់លោក Chang Won Sam និងសហការីនៅកម្ពុជា។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ KOICA ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ នៅប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានគន្លឹះទាំង៥ និងគោលនយោបាយអាទិភាពទាំង៦ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។ សម្តេចធិបតី បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត៕