(សិង្ហបុរី)៖ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា មាន២៦ករណីថ្មីទៀតហើយ នៃវីរ៉ុស Zika បានចម្លងនៅក្នុងតំបន់ក្នុងប្រទេសសិង្ហបុរីនាថ្ងៃសៅរ៍នេះ នាំឲ្យចំនួនអ្នកផ្ទុកវីរ៉ុសបានកើនឡើងដល់២១៥នាក់ នេះបើតាមអាជ្ញាធរសិង្ហបុរីបញ្ជាក់យ៉ាងដូច្នេះ។
កាលពីព្រឹកមិញករណីនេះនៅសិង្ហបុរី បានកើនឡើងដល់១៨៩នាក់ ប៉ុន្តែនៅពេលនេះកើន២៦ករណីថ្មីទៀត សរុបទាំងអស់មានចំនួនដល់២១៥នាក់នាក់ហើយ ក្នុងចំណោម នោះអ្នកឆ្លងនោះក៏ មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។
ឆ្លើយតបនឹងការរីករាលដាលវិរុស Zika នៅប្រទេសសឹង្ហបុរី, ភ្លាមៗលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើដំណើរទៅ ប្រទេសសិង្ហបុរី មានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះ វីរុស Zika។
ការអំពាវនាវរបស់ លោក ថោង ខុន បានធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវឲ្យប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នចំពោះ វីរុស Zika បន្ទាប់ពីជំងឺដ៏កាចសហាវមួយនេះកំពុងរីករាលដាល នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរី មានករណីនេះកើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និង ម៉ាឡេស៊ី១ ករណី។
ឆ្លើយតបនឹងការរីករាលដាលនេះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ប្រជាជននៅក្នុងសហគមន៍ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»៕