(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងសំខាន់ៗរួមមាន៖

១-ផ្លាស់ប្ដូរទស្សនកិច្ចសិក្សា កម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត
២-ឱកាសក្នុងការបណ្ដុះបណ្ដាល អប់រំថ្នាក់ឧត្តមសិក្សា ដើម្បីអភិវឌ្ឍសមត្ថភាពលើវិស័យសំណង់ សំដៅលើកកម្ពស់គុណវុឌ្ឍ សិក្សា
៣-ផ្លាស់ប្ដូរព័ត៌មានលើវិស័យសំណង់ ការរៀបចំសន្និសីទ វេទិកា ឬកិច្ចពិភាក្សាលើប្រធានបទទាក់ទងកិច្ចសហប្រតិបត្តិការ ឱកាសការងារ និងការស្ម័គ្រចិត្ត ៤-ចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងរបកគំហើញថ្មីៗជូនដល់សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ មន្រ្តីរាជការ និស្សិត និង សាធារណជន ៥-លើកសំណើ ឬចែករំលែកនូវស្នាដៃនៃការសិក្សាស្រាវជ្រាវ ការពិសោធន៍ គំនិតផ្តួចផ្តើមនៃឌីជីថល នីយកម្ម ក្នុងវិស័យសំណង់ ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

យោងតាមរបាយការណ៍របស់សាកលវិទ្យាធិការ បានឱ្យដឹងថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធី សិក្សាអន្តរជាតិ មាន៥កម្រិត -ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ-ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ -ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង-ថ្នាក់បណ្ឌិត មាន ១២មហាវិទ្យាល័យនិង៤២មុខជំនាញ ហើយសាកលវិទ្យាល័យបានបញ្ចូលកម្មវិធីទស្សនកិច្ចសិក្សា កម្មសិក្សា ការចុះហ្វឹកហាត់ការងារ (Practical Training) ក្នុងកម្មវិធីសិក្សា របស់និស្សិតរៀងរាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ក្នុងគោលបំណងឱ្យ និស្សិតទទួលបានទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្ត ជាក់ស្ដែង និងដើម្បីឈ្វេងយល់បន្ថែមនូវចំណេះដឹងថ្មីៗ អំពីទិដ្ឋភាពទូទៅ តួនាទី ភារកិច្ច របស់ក្រសួង ស្ថាប័ននានា ទាំងរដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹង ការវិវត្តជាក់ស្តែង នៃមុខជំនាញសិក្សារបស់និស្សិត ស្របតាមបាវចនារបស់ប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ក៏ដូចជាផ្តល់ឱកាសជូននិស្សិតទទួលបានការសិក្សាដោយផ្ទាល់ ជាពិសេសនិស្សិត នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម ទទួលបានឱកាសអនុវត្តជាក់ស្តែង នៅក្នុងមន្ទីរពិសោធន៍ជាតិសំណង់មួយនេះ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង លោក លោកស្រី ជាថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងប្អូនៗនិស្សិតទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះ ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើការរួមគ្នា ក្នុងការពង្រឹងកិច្ចសហការ ស្របតាមគោលបំណង នៃអនុស្សរណៈយោគយល់គ្នានេះ ទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិរបស់យើង ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាការបង្ហាញពី ភាពជាដៃគូរ រវាងរដ្ឋ និងឯកជន ដែលឆ្លុះបញ្ចាំងពីឆន្ទៈក្នុង ការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយសម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា៕