(ភ្នំពេញ)៖​ ក្រោមការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ និងសភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC)​គណៈប្រតិភូឥណ្ឌាដែលមានក្រុមហ៊ុនជាង២០​ ដែលចូលរួមក្នុងការផលិត និងនាំចេញថ្នាំជ្រលក់ សារធាតុជ្រលក់ សារធាតុគីមីសរីរាង្គ និងសរីរាង្គ រួមមាន គីមីកសិកម្ម គីមីពិសេស និងគ្រឿងសំអាង​ បានជួបប្រជុំធុរកិច្ចជាមួយធុរកិច្ចកម្ពុជា​ ដើម្បីបង្កើនពាណិជ្ជកម្មក្នុងវិស័យគីមីសរីរាង្គរវាងឥណ្ឌា និងកម្ពុជា នៅសណ្ឋាគារ​ Hyatt regency Phnon Penh។

ពិធីនេះបានធ្វេីឡេីងនាថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៤​ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក​ សួន សុផល អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា លោក​ ឡាំ គឹមឡេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីលោក ជា ពិសី អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្ម (DAI) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Babulal Parihar ប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា​ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

នាឱកាសនោះលោក Babulal Parihar ប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា​ បានលើកឡើងថា ឧស្សាហកម្មគីមី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍឧស្សាហកម្ម និងកសិកម្មរបស់ ប្រទេសឥណ្ឌា។ ឧស្សាហកម្មដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ២២០ពាន់លានដុល្លារក្នុងឆ្នាំ២២២ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ ២០២៥​ និង ១ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៤០។ ឥណ្ឌាគឺជាប្រទេសផលិតសារធាតុគីមីធំបំផុតទី៦ នៅលើពិភពលោក និងទី៣ នៅក្នុងអាស៊ីបន្ទាប់ពីជប៉ុនបានរួមចំណែក 7% ដល់ GDP របស់ឥណ្ឌា។

នាឱកាសនោះលោកស្រីវេជ្ជបណ្ឌិត Devyani Khobragade​ បានឱ្យដឹងថា​ ប្រទេសឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយដ៏កក់ក្តៅ និងស្និទ្ធស្នាល ហើយវាជាឱកាសមួយក្នុងការបង្កើននូវសុច្ឆន្ទៈគ្នាទៅវិញទៅមក ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំងពីរ។ លោកស្រី​ បានជំរុញឱ្យក្រុមហ៊ុនឥណ្ឌាសម្លឹងមើលប្រទេសកម្ពុជាសម្រាប់ឱកាសអាជីវកម្មក៏ដូចជាអាជីវកម្មកម្ពុជាដើម្បីប្រើប្រាស់ឱកាសនៅក្នុងប្រទេសឥណ្ឌា។

លោកស្រីឯកអគ្គរដ្ឋទូត​ បានឱ្យដឹងថា វិធានការផ្សេងៗ រួមមាន ក្រុមការងាររួមឥណ្ឌា-កម្ពុជា លើពាណិជ្ជកម្ម និងការវិនិយោគ ការបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគី ការបង្កើតការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ ក្រុមប្រឹក្សាធុរកិច្ចរួមរវាងឥណ្ឌា និងកម្ពុជានឹងសម្រួលដល់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងកម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូត​ បានបង្ហាញទំនុកចិត្តថា កំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ទាំងនៅក្នុងប្រទេសឥណ្ឌា និងកម្ពុជានឹងផ្តល់ឱកាសជាច្រើនសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការពង្រីកនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក និងបង្កើតភាពជាដៃគូ។

លោក សួន សុផល បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបង្ហាញពីចំណាប់អារម្មណ៍របស់សហគមន៍ធុរកិច្ចមកពីប្រទេសឥណ្ឌានៅកម្ពុជា។ ប្រទេសកម្ពុជាផ្តល់នូវបរិយាកាសងាយស្រួលសម្រាប់អាជីវកម្ម ថ្លៃពលកម្មសមរម្យ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតភ្ជាប់ និងការលើកទឹកចិត្តដ៏សប្បុរស រួមទាំងភាពជាម្ចាស់ពេញលេញរបស់ក្រុមហ៊ុននៅក្នុងស្ទើរតែគ្រប់វិស័យ។

លោកបានបន្ថែមថា កម្ពុជាបានកែលម្អបរិយាកាសវិនិយោគរបស់ខ្លួន ដោយធ្វើឱ្យសាមញ្ញ និងឌីជីថលនីតិវិធីនៃការដាក់ពាក្យវិនិយោគពង្រឹងការសម្របសម្រួលការវិនិយោគ ទទួលយកការធានាការវិនិយោគអន្តរជាតិ និងតាមរយៈការផ្តល់នូវរបបលើកទឹកចិត្តប្រកបដោយការប្រកួតប្រជែង។ CDC ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ការវិនិយោគទុនពីបរទេសរបស់ឥណ្ឌានៅកម្ពុជា។

លោក ឡាំ គឹមឡេង មានប្រសាសន៍ថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដើរតួនាទីយ៉ាងធំធេងក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងមានអត្រាកំណើន GDP ប្រហែល 6.6% ដោយវិស័យឧស្សាហកម្មរំពឹងថានឹងកើនឡើង 8. 5% ។ លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះផ្តល់នូវឱកាសដ៏សំខាន់មួយជាមួយនឹងការរំពឹងទុកនៃការមានអ្នកលក់ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ព្រោះថាវត្តមានរបស់ពួកគេនឹងរួមចំណែកដល់ទីផ្សារគីមីដែលអាចចូលដំណើរការបានកាន់តែច្រើន និងប្រកួតប្រជែង៕