(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ កងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ នារយៈពេល២០ថ្ងៃកន្លងមកនេះ។ ការថ្លែងអំណរគុណបែបនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា កងពលតូចលេខ៧០ តែងជួយរដ្ឋបាលរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្ដែងនៅពេលនេះ កងពលតូចលេខ៧០ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំមូសបង្ការជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ សកម្មភាពទាំងនេះ យើងក៏នឹកឃើញ មិនភ្លេចចំពោះការលះបង់របស់កងពលតូចលេខ៧០ ក្នុងដំណាក់កាលនៃការរីករាតត្បាតជំងឺកូវីដ១៩ ដោយកម្លាំង កងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។ ជាមួយនឹងការបាញ់ថ្នាំបង្ការការពារជំងឺកូវីដ១៩ថែមទៀត។

ជាក់ស្តែងនៅពេលនេះ ពោលគឺតបតាមការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ទាំងរថយន្ត កម្លាំងព្រមទាំង ម៉ាស៊ីនសម្រាប់បាញ់មូស ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំមូសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរហូតទទួលបានបញ្ចប់ដោយជោគជ័យ។

លោកបានគូសបញ្ជាក់ថា ក្រោយយុទ្ធនាការដែលប្រើប្រាស់រយៈពេល២០ថ្ងៃ នៃការបាញ់ថ្នាំមូសនេះឃើញថា ជំងឺគ្រុនឈាម បានថយចុះច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្ដថា យុទ្ធនានៃការបាញ់ថ្នាំមូសនេះ ក៏ដូចជាការដាស់តឿនក្រើនរំលឹកឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យចេះបង្ការខ្លួន ដើម្បីគេចឲ្យរួចផុតពីជំងឺគ្រុនឈាមនេះផងដែរ។ ចំពោះកងពលតូចលេខ៧០ ដែលចុះយុទ្ធនានៃការបាញ់ថ្នាំមូសនេះ ចំនួន២៨នាក់ ត្រូវបានលោក ឃួង ស្រេង នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកប្រគល់ជូនដោយក្នុងម្នាក់ៗ ទទួលថវិកាចំនួន៤០ម៉ឺនរៀល។

សូមជម្រាបថា ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាមនៅទូទាំង១០៥សង្កាត់ កាលពីថ្ងៃ២៣ ខែកុម្ភៈ ហើយបានបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ តាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋ៕