(ភ្នំពេញ)៖ អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន លោក កុម៉ារ៉ា ម៉ាសាហ៊ីរ៉ូ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានចុះទស្សនកិច្ចជាផ្លូវការ នៅរោងចក្រផលិតទឹកស្អាតភូមិព្រែក ដើម្បីស្វែងយល់ពីការផលិត និងផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញ។

លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសនាពេលនេះ ធ្វើឡើងស្របពេលដែលជប៉ុន គ្រោងផ្តល់ជំនួយសម្រាប់កែលម្អ និងសាងសង់ពង្រីកសមត្ថភាពផលិតទឹកស្អាត របស់រោងចក្រភូមិព្រែកបន្ថែមចំនួន ៤៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបន្ថែមថា «នៅថ្ងៃទី១៩នេះ ខ្ញុំបាទនឹងត្រូវទៅប្រទេសជប៉ុន ដើម្បីទៅបញ្ចប់នូវការដេញថ្លៃនៅប្រទេសជប៉ុន ដើម្បីរៀបចំនូវកិច្ចសន្យាដំណើរការ សាងសង់រោងចក្រផលិតទឹកស្អាតភូមិព្រែកបន្ថែម ៤៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលយើងគ្រោងថានឹងចាប់ផ្តើមសាងសង់ នៅក្នុងចុងឆ្នាំ ២០២៤យើងនេះ»

លោក ឡុង ណារ៉ូបានឱ្យដឹងទៀតថា តាមការសិក្សា គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ៤៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក។

បើតាមលោកឡុង ណារ៉ូ បច្ចុប្បន្ននេះ រោងចក្រភូមិព្រែកមានសមត្ថភាពផលិតទឹកស្អាត ១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ បន្ទាប់ពីកែលម្អ និងសាងសង់រួច រោងចក្រនេះ នឹងមានសមត្ថភាចពផលិតទឹកស្អាត១៩៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតប្រមាណ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យរដូវប្រាំងនេះ រាជធានីភ្នំពេញមិនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ឡើយ៕