(ភ្នំពេញ)៖ អ្នកវិភាគសេដ្ឋកិច្ច និងអ្នកស្រាវស្រាវជ្រាវនៅកម្ពុជាបានចាត់ទុកថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក ព្រោះទំនាក់ទំនងនេះបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តមបណ្ឌិតគីសេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍប្រទេសចិនបានផ្តល់កាលានុវត្តភាព ដល់កម្ពុជាក៏ដូចជាពិភពលោកទាំងមូល។ ចិនយកចិត្តទុកដាក់លើពហុនិយមមានន័យថា ជាការចងមេត្រីភាពជាមួយគ្នា តួយ៉ាងដូចជាគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវរបស់ប្រធានរដ្ឋចិន គឺមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍, ចែករំលែកនូវសហគមន៍ជោគវាសនារួម ហើយពិភពលោកដើរទៅជាមួយគ្នាពុំមានការបែងចែក។

ឯកឧត្តមបណ្ឌិតបន្តថាថា កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ ហើយបានបន្តបង្កើនកម្លាំងពង្រីកឥទ្ធិពលជាលំដាប់ ប្រែជាមិត្តដែកថែប និងពន្លាតកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ សម្រាប់ផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។ លោកបណ្ឌិតបញ្ជាក់ថា៖ «ចំណូលដែលបានមកពីការនាំចេញរបស់កម្ពុជា គឺបានរួមចំណែកពីប្រទេសចិនផងដែរ។ បើយើងនិយាយពី ទំនាក់ទំនងរបស់ប្រទេសទាំងពីរវិញគឺ កម្ពុជាបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តដែកថែប ហើយបច្ចុប្បន្នក្លាយជា មិត្តឆកោណត្បូងពេជ្រមួយទៀត ដោយបានសហការគ្នាលើវិស័យចំនួន៦។ អ៊ីចឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសទាំងពីរទីមួយ លើវិស័យវិនិយោគរបស់ចិនចូលមកកម្ពុជាបានបង្កើតការងារ ផលិតកម្មក្នុងប្រទេស វិស័យទេសចរណ៍ សុទ្ធតែបានជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា»។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ព្រមទាំងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ បានក្លាយជាដៃគូដ៏រឹងមាំ ហើយមិត្តត្បូងពេជ្រឆកោណនេះ នឹងក្លាយជាគំរូមួយសម្រាប់ពិភពលោក។

លោក ទឹម វន ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា និងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសកលវិទ្យាល័យ Hitotsubashi ICS ប្រទេសជប៉ុនបានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា ដែលមិនមានប្រទេសណាអាចធ្វើបានឡើយ។ លោក ទឹម វន បញ្ជាក់ថា៖ «ប្រទេសចិនបាននិងកំពុងវិនិយោគច្រើន ក្នុងប្រទេសកម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងវិស័យអចលនទ្រព្យ។ ការវិនិយោគនេះ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ កាត់ថ្លៃបន្ថយផលិត និងដឹកជញ្ជូន។ល។»

លោកបញ្ជាក់ថា ប្រទេសចិនបានផ្តួចផ្តើមនូវគម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងប្រទេសកម្ពុជាដូចជាការអភិវឌ្ឍវិស័យដឹកជញ្ជូនដូចជា ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ។ល។ គម្រោងទាំងនេះ រួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា និងធ្វើឱ្យឡើងនូវហេដ្ឋារចនា សម្ព័ន្ធផ្សេងៗក្នុងប្រទេស។ ការផ្លាស់ប្ដូរវប្បធម៌ ជួយពង្រឹងការយល់យោគគ្នាបានល្អ នឹងរឹតបណ្ដឹងនូវកិច្ចសហប្រតិបត្តិការការទូត កាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។» បើតាមលោកទឹម វន៖ប្រទេសកម្ពុជា និងចិនបានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិយ៉ាងជិតស្និតលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ភាពជាដៃគូនេះ ជួយធ្វើឱ្យប្រសើរឡើងនូវទីតាំងភូមិសាស្ត្រនយោបាយ ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ទាំងទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត គឺកម្ពុជា និងចិនបានបោះជំហានទៅមុខគ្រប់កាលៈទេសៈ។ ដូច្នេះហើយបណ្តាប្រទេសផ្សេងៗគួរតែយកគំរូតាមប្រទេសទាំងពីរ ក្នុងការដឹកនាំប្រទេសជាតិឱ្យរីកចម្រើន និងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមក៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន