(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣ កម្រិតសាកលវិទ្យាល័យ (The third English Speaking Contest Program) ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់និស្សិតឆ្នាំទី១ ទី២ ទី៣ និង ទី៤ ដែលមានបេក្ខជនសរុប ចំនួន១២នាក់ និងមានអ្នកចូលរួមជាង ៧០០នាក់ ក្រោមវត្តមានលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះ មាននិស្សិតកំពុងសិក្សា ចំនួន ១០០០នាក់ ក្នុងនោះមាននិស្សិតបរទេសចំនួន ៣៣នាក់ ហើយនិស្សិតទាំងនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេសនៅរៀងរាល់ឆ្នាំ នាខែ សីហា ។ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេសនេះ ធ្វើឡើងជា ៣ កម្រិត គឺ៖
១-កម្រិតថ្នាក់រៀន (Class Level Competition ): ត្រូវបានរៀបចំឡើងដោយសាស្រ្ដាចារ្យ ពីឆ្នាំទី១ ដល់ឆ្នាំទី៤ ដោយជ្រើសរើសបេក្ខជនជ័យលាភី ពីលេខ១ ដល់ លេខ៣ ដើម្បីយកទៅប្រកួតបន្ត នៅកម្រិតមហាវិទ្យាល័យ ។
២-កម្រិតមហាវិទ្យាល័យ(Faculty Level Competition): ត្រូវបានរៀបចំឡើង ដើម្បីប្រកួតប្រជែង តាមឆ្នាំ នីមួយៗ ពីឆ្នាំទី១ ដល់ទី៤ដោយគណៈកម្មការនៃមហាវិទ្យាល័យទាំង៤ ដោយជ្រើសរើសបេក្ខជនពីលេខ១ ដល់ លេខ៣ (Top 3 winners) ដើម្បីយកទៅប្រកួតប្រជែងបន្ដនៅវគ្គផ្ដាច់ព្រ័ត្រ។
៣-កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ(BELTEI IU Level Competition) គឺជាវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវ បានរៀបចំ ឡើង ដោយគណៈកម្មការនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ នៅសហសាលសិក្សា ដើម្បីជ្រើស រើសយកជ័យលាភីពីលេខ ១ ដល់លេខ ៣ ។
ក្នុងនោះរង្វាន់ដែលត្រូវទទួលបានរួមមាន៖
-លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ ៣០០ដុល្លារ ព្រមទាំងអាហារូបករណ៍ សិក្សា ១០០% រយៈពេល ១ឆ្នាំ ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆ្នាំ។
-លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ ២០០ដុល្លារ ព្រមទាំងអាហារូបករណ៍សិក្សា១០០% រយៈពេល ១ឆមាស ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆមាស។
-លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ ១០០ដុល្លារ ។
លោកលី ណាវុឌ្ឍ បានបនថា បេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ &ឆ្នាំទី៤ ត្រូវបានទៅទស្សនកិច្ចសិក្សា នៅខេត្ត ព្រះសីហនុ និងរមណីយដ្ឋាន ឋានសួគ៌បូកគោ រយៈពេល ២ ថ្ងៃ មួយយប់ផងដែរ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានសម្តែងនូវការកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសនិស្សិត ជាជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោកបានបន្ថែម ទៀតថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសឲ្យនិស្សិតបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ក្នុងការនិយាយជាសាធារណៈ ក៏ដូចជាពង្រឹងគុណភាពអប់រំ ផ្នែកភាសាអង់គ្លេសឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ហើយដើម្បីឲ្យក្មួយៗទាំងអស់មានភាពក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។
លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេល បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រតាមជំនាញនីមួយៗ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ចំណេះធ្វើ និងភាសា ហើយភាសាអង់គ្លេសជាភាសាសំខាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ គឺត្រូវទៅទាំងព្រម ស្របពេលដែលប្រទេសកម្ពុជាបានចូលសមាហរណកម្មអាស៊ានរួចហើយថ្មីៗនោះ។
ជាទីបញ្ចប់លោក ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់និស្សិត ជ័យលាភី ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ ចំនួន ១២នាក់ ផងដែរ ៕