(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យមន្ត្រីត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រង ការតាមដាន ត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់តាមច្បាប់ ឱ្យបានទាន់ពេល ចំពោះល្បែងផ្សងសំណាង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តបានឱ្យដឹងថា បច្ចុប្បន្នប្រភេទល្បែងផ្សងសំណាង ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការនៅកម្ពុជា រួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក និងឆ្នោតឡូតូ ដែលជាប្រភេទល្បែងមានប្រវត្តិដំណើរការ តាំងពីយូរលង់មកហើយ និងជាប្រភេទល្បែងដែលផ្អែកលើសំណាងសុទ្ធសាធ។
នាឱកាសនោះដែរលោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលដ៏រហ័សនាពេលបច្ចុប្បន្ន បានផ្តល់ឱកាសដល់ក្រុមជនមួយចំនួនធ្វើប្រតិបត្តិការល្បែងផ្សេងសំណាង ក៏ដូចជា៖ ល្បែងស៊ីសងជាច្រើនប្រភេទដោយខុសច្បាប់ ដោយបានប្រើប្រាស់វិធីសាស្រ្តជាច្រើនរូបភាព សំដៅបិទបាំងនូវការលួច លាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ មានជាអាទិ៍៖ ឆ្នោតកន្ទុយលេខ, ខេណូ (KENO) ឆ្នោតអនឡាញ និងល្បែងជល់មាន់តាមអនឡាញជាដើម, នៅតាមទីតាំងមួយចំនួន ដោយសម្ងំជ្រកក្រោមអាជ្ញាបណ្ណដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់ការអនុញ្ញាតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
លោកអភិបាលខេត្ត បញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធបញ្ហាល្បែងស៊ីសង និងឆ្នោតផ្សងសំណាង ខ្ញុំសូមណែនាំឱ្យចាត់វិធានការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ ក្រុមហ៊ុនល្បែងផ្សងសំណាង និងឡូតូជាដើម ដែលមានអាជ្ញាបណ្ណ ហើយជាពិសេសមិនត្រូវឱ្យមានបង្កើតថ្មី។ ដោយឡែកចំពោះក្រុមហ៊ុនដែល ផុតអាជ្ញាបណ្ណ គឺត្រូវតែបញ្ចប់ និងបញ្ឈប់មិនឱ្យធ្វើសកម្មភាពបន្តទៀតឡើយ»។
លោក ស្វាយ សំអ៊ាង បានលើកឡើងថា បញ្ហាគ្រឿងញៀនក៏ត្រូវតែធ្វើការពង្រឹងត្រួតពិនិត្យទប់ស្កាត់ ដោយសម្អាត តាមរយៈការចាប់ផ្ដើមធ្វើតេស្តរកសារធាតុញៀន ចេញពីមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ហើយក្នុងករណីរកឃើញសារធាតុញៀនក្នុងខ្លួន ត្រូវអនុវត្តវិធានការច្បាប់ និងបណ្ដេញចេញពីក្របខណ្ឌ។ លោកក៏បានណែនាំឱ្យពង្រឹងការស្រាវជ្រាវ មុខសញ្ញាឧក្រឹដ្ឋជនជួញដូរគ្រឿងញៀន ដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផងដែរ។
ទន្ទឹមគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព តាមរយៈការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ក៏ដូចជាល្បែងស៊ីសងជាដើម ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋាន។ លោកបានបន្តថា ករណីក្មេងទំនើង ត្រូវចាត់វិធានការអប់រំណែនាំ ធ្វើយ៉ាងណាឱ្យមានការរៀងចាល និងខ្លាចលែងប្រព្រឹត្តតទៅទៀត៕