(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចោទប្រកាន់ជនជាតិចិនតៃវ៉ាន់ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទម្ងន់ប្រមាណ៥គីឡូក្រាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ជនជាតិចិនម្នាក់ (តៃវ៉ាន់) បម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន តាមជើងហោះហើរ ក៏ត្រូវសមត្ថកិច្ចកម្ពុជាបង្ក្រាប និងឃាត់ខ្លួនបាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងដកហូតថ្នាំញៀនចំនួន ៤៩៦៥.៣០ក្រាម។
ការបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យរូបនេះមានឈ្មោះ ហ័ង ថឹងយ៉ាវ (HUANG TENG YAO) ជនជាតិចិន (តៃវ៉ាន់) ដែលជាអ្នកដំណើរតាមជើងយន្តហោះ ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ វត្ថុតាងចាប់យកបាន គឺមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣៥ដុំដែលរុំជាប់ខ្លួនជនល្មើស ទម្ងន់សរុប៤៩៦៥.៣០ក្រាម៕