(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ គួរមានកិច្ចសហប្រតិ្តបត្តិការសិក្សាស្រាវជ្រាវស៊ីជម្រៅ ដើម្បីពិនិត្យវាយតម្លៃបរិមាណទឹក សម្រាប់បម្រើឱ្យវិស័យកសិកម្ម ក្នុងយុគសម័យឌីជីថល។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីបច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍ ក្រោមប្រធានបទ អនាគតប្រកបដោយចីរភាពរបស់កម្ពុជា៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិតបានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា កម្ពុជាស្ថិតក្នុងតំបន់ត្រូពិកដែលសំបូរ ទឹកភ្លៀងនៅ រដូវវស្សារហូតបណ្តាលឱ្យមានគ្រោះទឹកជំនាន់ រីឯនៅរដូវប្រាំងវិញ បែរជាក្សត់ទឹកឬគ្រោះរាំងស្ងួត ពិសេសនៅតំបន់ជនបទដាច់ស្រយាលខ្វះទឹកសម្រាប់ធ្វើសែ្រ ជាក់ស្តែងការប្រើប្រាស់ទឹក សម្រាប់វិស័យកសិកម្ម ទឹកសម្រាប់បរិភោគ គុណភាពទឹកជាដើម ព្រោះថា «ទឹកគឺជីវិត» ទឹកអាចសង្គ្រោះ ទឹកអាចបម្រើទឹកអាចបំផ្លាញ។
លោកបណ្ឌិតបានបញ្ជាក់ថា «យើងរួមគ្នាពិចារណាលើឥរិយាបថប្រើប្រាស់ និងគ្រប់គ្រងទឹកភ្លៀង (បរិមាណ គុណភាព គុណប្រយោជន៍…)»។
លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ក្រសួងស្ថាប័ន ត្រូវបើកទូលាយឱ្យមានអ្នកស្រាវជ្រាវវ័យក្មេង ពិសេសនៅតាមសាកលវិទ្យាល័យឬស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
លោកបណ្ឌិត យង់ ពៅ សូមគាំទ្រនូវសកម្មភាពស្រាវជ្រាវនានាដែលមានប្រយោជន៍ទាំងអស់ ព្រោះថា កាលណាវិទ្យាសាស្រ្តរីកចម្រើនប្រទេសជាតិក៏រីកចម្រើន ហើយវិទ្យាសាស្ត្របច្ចេកវិទ្យាសមស្រប និងគំនិតច្នៃប្រឌិតត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវិទ្យាសាស្ត្រសង្គមផងដែរ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះការអភិវឌ្ឍប្រទេសមួយមិនអាចខ្វះបាននូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាបានទ្បើយ៕