(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៤» កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក។
លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងថា សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់» ដែលបានផ្តោតការពិភាក្សាជារួមលើការបន្តកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជា អមដោយបទបង្ហាញ និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ដែលសម្របសម្រួល ដោយវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានសមាសភាពក្នុងក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, អ្នកជំនាញ, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងប្រព័ន្ធគាំពារសង្គម ដែលមានចំនួនអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ព្រមទាំងមានអ្នកចូលរួមទស្សនា ការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គម និងគាំពារសង្គមកម្ពុជា ជាច្រើននាក់ទៀត។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ឡើងវិញថា សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ផ្ដោតលើប្រធានបទធំៗចំនួន៥ រួមមាន ដំណើរការឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (UHC), ការរៀបចំផែនការសម្រាប់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន, ការពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គម, ការពង្រីកការគ្របដណ្តប់កិច្ចគាំពារសង្គមនៅកម្ពុជា, កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលក្នុងប្រធានបទនីមួយៗមានបទបង្ហាញសំខាន់ៗ និងកិច្ចពិភាក្សាដែលមានការចូលរួមយ៉ាងផុសផុលផងដែរ។
លោកបន្តទៀតថា ជាមួយនឹងការវិវត្តយ៉ាងឆាប់នៃព្រឹត្តការណ៍សកល ក៏ដូចជាលទ្ធផលនៃការវាយតម្លៃពាក់កណ្តាល អាណត្តិកន្លងមកលើ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, រាជរដ្ឋាភិបាលមើលឃើញពីភាពចាំបាច់ក្នុងការធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយនេះ ទៅជា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យ ឆ្នាំ ២០៣០» ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត ដោយផ្លាស់ប្តូរអភិក្រមពី ការផ្តោតលើសសរស្តម្ភ ទៅជាអភិក្រម ការគាំពារផ្អែកលើហានិភ័យនៃវដ្តជីវិត និងបន្តពង្រីកការគ្របដណ្តប់ តាមលទ្ធភាព និង ស្ថានភាពជាក់ស្តែង ដូចដែលបានលើកឡើងដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងពិធីបើក សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ នេះ បើទោះបីជាបច្ចុប្បន្ននេះ ប្រព័ន្ធគាំពារសង្គមបានគ្របដណ្តប់ ដល់ពលរដ្ឋប្រមាណ ៦,៦លាននាក់ ដែលស្មើនឹង ៤២% នៃពលរដ្ឋកម្ពុជាសរុប និង ឈានឆ្ពោះទៅ ៩លាននាក់ ក៏ដោយ៕